នគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានធ្វើការល្បាត និងឃាត់ខ្លួនចោរឆក់កាបូបម្នាក់នៅតំបន់អង្គរ បានម្នាក់ និងបានបន្តស្រាវជ្រាវឃាត់ខ្លួនបក្ខពួកក្រុមឆក់កាបូបបាន៥នាក់បន្ថែមទៀត

(សៀមរាប)៖ នគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋានខេត្តសៀមរាប បានធ្វើការល្បាត និងឃាត់ខ្លួនចោរឆក់កាបូបម្នាក់នៅតំបន់អង្គរ បានម្នាក់ និងបានបន្តស្រាវជ្រាវឃាត់ខ្លួនបក្ខពួកក្រុមឆក់កាបូបបាន៥នាក់បន្ថែមទៀត។

បើយោងតាមលោកវរសេនីយ៍ឯក ហង្ស សូផាតភីរម្យ នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋានខេត្តសៀមរាប បានឲ្យដឹងនៅព្រឹកថ្ងៃទី២ ខែមេសានេះថា ដោយទទួលបានផែនការការពារ និងល្បាតក្នុងខេត្តសៀមរាបជាប្រចាំ របស់លោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការនគរបាលខេត្តសៀមរាប និងលោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលផែនកណ្តាលព្រហ្មទណ្ឌខេត្តសៀមរាប នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០កន្លងទៅថ្មីៗនេះកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានល្បាតតាមគោលដៅ ឃាត់ខ្លួនជនសង្ស័យម្នាក់ទៅតាមបណ្តឹងស្ត្រីម្នាក់ករណីឆក់កាបូបនៅតាមផ្លូវទៅអង្គរវត្ត។

ក្នុងនោះកម្លាំងរបស់លោក បានដេញប្រផាប់ចាប់ប្រផីងបណ្តាលឲ្យជនសង្ស័យម្នាក់ធ្លាក់ពីលើម៉ូតូ រីឯ២នាក់ទៀតរត់រួចខ្លួន។ ជនសង្ស័យដែលឃាត់បាននោះ ឈ្មោះដោ រ៉ូស៊ីញ ភេទប្រុស អាយុ១៨ឆ្នាំរស់នៅភូមិ ស្វាយដង្គំ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។

លោកបន្តថា លុះដល់ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០ការិយាល័យ នគរបាល ព្រហ្មទណ្ឌកំរិតស្រាលបានបើកការស្រាវជ្រាវ រហូតឈានដល់ឃាត់ខ្លួនជនសង្ស័យ បានចំនួន៥នាក់បន្ថែម ដែលជាបក្សពួកនឹងជនដៃដល់ខាងលើ ។

ជនសង្ស័យទី១ ឈ្មោះ សេង ដាវី ភេទប្រុសអាយុ១៦ឆ្នាំស្នាក់នៅភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប, ទី២ ឈ្មោះ ចាន់សុធា ភេទប្រុសអាយុ១៧ឆ្នាំ ស្នាក់នៅភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប, ទី៣ ឈ្មោះ រិទ្ធី ឡាយហួ ភេទប្រុសអាយុ១៦ ឆ្នាំស្នាក់នៅភូមិតាភុល សង្កាត់ស្វាយដង្គំក្រុងសៀមរាប, ទី៤ ឈ្មោះ ហឿត សុផាត ភេទប្រុសអាយុ១៧ ឆ្នាំស្នាក់នៅភូមិវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុងសៀមរាប និងទី៥ឈ្មោះ ឆោម រតនា ភេទប្រុសអាយុ២៨ ឆ្នាំស្នាក់នៅភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប។ អ្នកទាំង៥ ត្រូវបានជាប់ពាក់ព័ន្ធនឹងករណីឆក់កាបូប។

លោកបញ្ជាក់ថា សម្ភារៈបាត់បង់មានដូចជា៖ កាបូបស្ពាយពណ៌ខ្មៅមានខ្សែដែកពណ៌ស, ទូរសព្ទដៃម៉ាកវីវ៉ូពណ៌ក្រហមមួយគ្រឿង, ទូរសព្ទដៃម៉ាក់អិនចុចពិលមួយគ្រឿង

, អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរចំនួន១, ប័ណ្ណបសសចំនួន១ និងសម្ភារៈមួយចំនួនទៀត និងលុយ។

លោកបន្ថែមថា ក្នុងប្រតិបត្តិការបង្ក្រាបនោះ កម្លាំងបានដកហូតជាក់ស្ដែងមកវិញមានដូចជា៖ ទូរស័ព្ទដៃមួយគ្រឿងម៉ាក vivo ក្រហមក្រមៅ មួយគ្រឿងដែលជារបស់ជនរងគ្រោះ, កាតអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរចំនួន១ ដែលជារបស់ជនរងគ្រោះ, កាបូបស្ពាយចំហៀងពណ៌ខ្មៅចំនួនមួយ ដែលជារបស់ជនរងគ្រោះ។

លោកវរសេនីយ៍ឯក បានបញ្ជាក់ទៀតថា តាមចម្លើយសារភាពរបស់ពួក ជនសង្ស័យទាំង៥នាក់ បានឆ្លើយសារភាពថាពួក ខ្លួនពិតជាបានធ្វើសកម្មភាពឆក់កាបូបនៅក្នុងក្រុងសៀមរាប ពិតប្រាកដមែន។

បន្ទាប់សាកសួររួចរាល់ សមត្ថកិច្ចបានរៀបចំសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យទាំង៦នាក់ទៅតុលាការចាត់ការបន្តតាមផ្លូវច្បាប់។ ចំណែកសម្ភារៈ ដែលជារបស់ជនរងគ្រោះ ត្រូវកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋានខេត្តសៀមរាប ប្រគល់ជូនជនរងគ្រោះវិញហើយ៕

អត្ថបទដែលជាប់ទាក់ទង