ជនខិលខូច បាននាំយកឱសថប្រភេទអាហារបំប៉ន មកបោកប្រាស់ប្រជាពលរដ្ឋថា ជាឱសថសម្រាប់ការពារជំងឺ covid.19

(កំពង់ឆ្នាំង)៖ ជនខិលខូច បាននាំយកឱសថប្រភេទអាហារបំប៉ន មកបោកប្រាស់ប្រជាពលរដ្ឋថា ជាឱសថសម្រាប់ការពារជំងឺ covid.19 ត្រូវបានសមត្ថកិច្ចនាំខ្លួនយមមកអធិការ ដើម្បីធ្វើការសាកសួរ ក្រោយពីប្រជាពលរដ្ឋ បានរាយការណ៍ជូនសមត្ថកិច្ចភ្លាមៗផងដែរ ។

បើយោងតាមការឲ្យដឹងពីកម្លាំងសមត្ថកិច្ច បានបញ្ជាក់ថា ក្រុមជនបោកប្រាស់ខាងលើនេះ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនបាននៅកាលពីថ្ងៃទី១ ខែមេសា ម្សិលមិញនេះ នៅក្នុងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ចដដែល បានបន្ថែមទៀតថា មុនពេលឃាត់ខ្លួន គេឃើញជនសង្ស័យទាំងពីរនាក់ បានយកថ្នាំប្រភេទអាហារបំប៉នដែលអះអាងថាមួយឈុតអាចការពារបានក្នុងមួយគ្រួសារក្នុងតម្លៃ ៥០០$ មកធ្វើការបោកប្រាស់ប្រជាពលរដ្ឋក្នុងផ្សាររមាសស្រុកទឹកផុស ថាជាឱសថសម្រាប់ការពារជំងឺ Covid-19 ដោយសម្អាងថា ប្រើតែឱសថពួកគេទៅបានហើយ ដោយមិនចាំបាច់លាងដៃនឹងអាកុល និងមិនបាច់ពាក់ម៉ាសអីទេ បើមិនជឿមើលតែខ្ញុំទាំងពីរនាក់នេះចុះ។

ក្រោយបានទទួលព័ត៌មានពីប្រជាពលរដ្ឋ សមត្ថកិច្ចបាននាំខ្លួនជនសង្ស័យយកមកធ្វើការសាកសួរ ហើយក៏ចាត់ចែកបញ្ជូនមកអធិការដ្ឋាននគបាលស្រុកទឹកផុស ដើម្បីសាកសួរនិងបញ្ជូនបន្តមកស្នងការនគបាលខេត្តចាត់ការបន្ត ។

ពាក់ពន្ធ័និងករណីខាងលើនេះសមត្ថកិច្ចរួមនិងអាជ្ញាធរ បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋមេត្តាជ្រាប និងកុំចាញ់ការឆបោករបស់ជនខិលខូចឆបោកឲ្យទិញឱសថក្លែងក្លាយ ខណៈដែលប្រមុខរាជរដ្ឋាភិបាលមានសម្តេច បានប្រកាសហើយថា គ្មានឱសថណាអាចព្យាបាលបានទេ ក្រៅតែពីការពារខ្លួនកុំឲ្យឆ្លង និងកុំចម្លងទៅអ្នកដទៃព្រមទាំងអនាម័យជាប្រចាំ។

បើតាមសេចក្តីរាយការណ៍មួយបានឲ្យដឹងនៅវេលាម៉ោង៦ និង៤៥នាទី ថ្ងៃទី២ ខែមេសា ឆ្នាំ២០២០នេះ ថាពាក់ពន្ធ័ករណីខាងលើនេះ ជនសង្ស័យទាំង២នាក់នោះ ត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅស្នងការនគបាលខេត្តកំពង់ឆ្នាំង ដើម្បីធ្វើការស្រាវជ្រាវបន្តទៀតផងដែរ៕

អត្ថបទដែលជាប់ទាក់ទង