បុរសម្នាក់ បានរងរបួសធ្ងន់ ក្រោយពីជិះម៉ូតូបត់ឆ្លងផ្លូវមិនប្រយ័ត្ន ត្រូវរថយន្តមួយគ្រឿងបុកពីក្រោយយ៉ាងពេញទំហឹង!

(កណ្តាល)៖ បុរសម្នាក់ បានរងរបួសធ្ងន់ ក្រោយពីជិះម៉ូតូបត់ឆ្លងផ្លូវមិនប្រយ័ត្ន ត្រូវរថយន្តមួយគ្រឿងបុកពីក្រោយយ៉ាងពេញទំហឹង ដែលហេតុការណ៍នេះបានកើតឡើង កាលពីល្ងាចថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ លើផ្លូវជាតិលេខ១ ត្រង់ចំណុចភូមិជ័យឧត្តម២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

បើយោងតាមសមត្ថកិច្ចបានឲ្យដឹងថា នៅវេលាកើតហេតុ មានម៉ូតូ១គ្រឿងម៉ាក HONDA DREAM C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 1FH.2763 បើកបរដោយជនរងគ្រោះឈ្មោះ អុំ ញ៉ិល ភេទប្រុស អាយុ៥០ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិជ័យឧត្តម២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ក្នុងទិសដៅពីជើងទៅត្បូង (ភ្នំពេញ-អ្នកលឿង។

លុះមកដល់ចំណុចកើតហេតុ អ្នកបើកម៉ូតូខាងលើ បានបត់ឆ្លងផ្លូវ ស្រាប់តែមានរថយន្ត១គ្រឿងម៉ាក TOYOTA HIGHLANDER ពណ៌ខៀវ ពាក់ផ្លាកលេខភ្នំពេញ 2AL-5981 បើកបរទិសដៅស្របគ្នា បានបុកម៉ូតូពេញទំហឹង បណ្តាលឲ្យជាប់ក្រោមរថយន្ត ខូចខាតយ៉ាងដំណំ និងមនុស្សរងរបួសធ្ងន់ បានដឹកបញ្ចូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យនៅឯរាជធានីភ្នំពេញ ។

ម្ចាស់រថយន្តបង្ក ដែលត្រូវបានឃាត់ខ្លួន ឈ្មោះ ហួត មាន ភេទប្រុស អាយុ៥០ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកបរនាវាកំពង់ផែស្វាយ័តភ្នំពេញ មានទីលំនៅភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជនីភ្នំពេញ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានចុះទៅពិនិត្យយកវត្ថុតាងទៅរក្សាទុកជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីបន្តដោះស្រាយគ្នា តាមនីតិវិធីផ្លូវច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង