ប្រទេសវៀតណាមកំពុងតែស្ថិតនៅក្នុងការពិចារណាដើម្បីបិទទីក្រុងធំៗ ក្នុងវិធានការមួយទប់ស្កាត់ការឆ្លងជំងឺ COVID-19

(អន្តរជាតិ)៖ លោកនាយករដ្ឋមន្ត្រីវៀតណាម ង្វៀន ស៊ុនហ្វ៊ុក បានបង្ហើបឲ្យដឹងថាទីក្រុងធំៗ នៅក្នុងប្រទេសវៀតណាមកំពុងតែស្ថិតនៅក្នុងការពិចារណាដើម្បីបិទ ក្នុងវិធានការមួយទប់ស្កាត់ការឆ្លងជំងឺ COVID-19។ ពេលនេះប្រទេសវៀតណាមមានអ្នកឆ្លងជំងឺ COVID-19 ជាង២០០នាក់ហើយ។

បើតាមលោកហ្វ៊ុក បានបញ្ជាក់ឲ្យដឹងថា ទីក្រុងហាណូយ និងទីក្រុងហូជីមិញ កំពុងតែស្ថិតក្នុងការសិក្សាអំពីផែនការលំអិតក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺដ៏កាចសាហាវនេះ។

ការបិទទីក្រុងនេះ កំពុងស្ថិតនៅក្នុងសេណារីយោនៅឡើយ។ ប្រទេសវៀតណាមកំពុងស្ថិតនៅក្នុងដំណាក់កាលនៃការឆ្លងជំងឺ COVID-19 ហើយទីក្រុងធំៗ ត្រូវតែបង្កើនល្បឿនឆក់យកឪកាសពីមួយម៉ោងទៅមួយម៉ោង ពីមួយនាទីទៅមួយនាទី ដើម្បីសម្រេចអនុវត្តន៍គោលការណ៍ឲ្យបានច្បាស់លាស់។

រដ្ឋាភិបាលវៀតណាម បានបញ្ជាឲ្យមានការកាត់បន្ថយពាក់កណ្តាលចំនួននៃការហោះហើរជាអន្តរជាតិ កាត់បន្ថយជើងហោះហើរក្នុងស្រុក បញ្ឈប់ការជួបជុំជាសាធារណៈ និងបិទជាបណ្តោះអាសន្ននូវរាល់សេវា ដែលមិនចាំបាច់នានារហូតដល់ថ្ងៃទី១៥ ខែមេសា៕

អត្ថបទដែលជាប់ទាក់ទង