មន្ត្រីជំនាញនៃមន្ទីរពាណិជ្ជកម្មរាជធានីភ្នំពេញ បានរកឃើញឱសថស្ថានមួយចំនួន ដែលកំពុងចរាចរធ្វើអាជីកម្មលក់អាល់កុលក្លែងក្លាយ (មេតេណុល) សរុបចំនួន ៣៨ លីត្រ

ក្នុងយុទ្ធនាការចុះត្រួតពិនិត្យគុណភាពអាល់កុល អង្កេតតម្លៃលក់ម៉ាស់ និង ស្វែងរកឧបករណ៍សម្រាប់ធ្វើតេស្តកូវីដ-១៩ នៅតាមបណ្តាឱសថស្ថាន នៅក្នុងខណ្ឌទាំង១២ ស្មើនឹងចំនួន ៩៥ទីតាំងនៅក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី ៣០ ខែ មីនា ឆ្នាំ ២០២០ មន្ត្រីជំនាញនៃមន្ទីរពាណិជ្ជកម្មរាជធានីភ្នំពេញ បានរកឃើញឱសថស្ថានមួយចំនួន ដែលកំពុងចរាចរធ្វើអាជីកម្មលក់អាល់កុលក្លែងក្លាយ (មេតេណុល) សរុបចំនួន ៣៨ លីត្រ ។ ហើយបន្ទាប់មក ក្រុមមន្ត្រីជំនាញបានធ្វើកំណត់ហេតុ និង ដកហូតអាកុលក្លែងក្លាយទាំងនោះ យកមករក្សាទុកដើម្បីអនុវត្តនីតិវិធីបន្ត ។ការចុះប្រតិបត្តិការនេះ គឺដោយសារសង្កេតឃើញ ក្នុងពេលថ្មីៗនេះ មានម្ចាស់ឱសថស្ថាន ឬអាជីវករមួយចំនួន ឆ្លៀតឱកាស ដាក់លក់អាល់កុល ជែលលាងដៃក្លែងក្លាយ ឧបករណ៌សម្រាប់ធ្វើតេស្តកូវីដ-១៩ និង គ្មានប្រភពផលិតច្បាស់លាស់ និង លក់ម៉ាស់មានតម្លៃខ្ពស់ កេងយកផល ចំណេញហួសហេតុ មិនគិតពីផលប៉ះពាល់ដល់អ្នកប្រើប្រាស់ ស្របពេលដែលប្រទេសកម្ពុជា ក៏ដូចជាបណ្តាប្រទេសលើពិភពលោកកំពុងជួបប្រទះគ្រោះនៃការរីករាលដាល នៃវីរុស COVID-19 ។នៅក្នុងឱកាសនោះ មន្រ្ទីជំនាញបានសំណូមពរ ដល់អាជីវករ សូមមេត្តាកុំឆ្លៀតឱកាសលក់ផលិតផលម៉ាស និងអាកុល សម្រាប់លាងសំអាតដៃ កឹបកេងយកផលចំណេញហួសហេតុ និងសូមអំពាវនាវ ដល់ប្រជាពលរដ្ឋ កុំទិញផលិតផល អាល់កុលណា ដែលគ្មានស្លាកសញ្ញា និងប្រភពច្បាស់លាស់ ដើម្បីជៀសវាងការទិញផលិតផលក្លែងក្លាយ ឬគ្មានគុណភាព យកមកប្រើប្រាស់ ដែលនាំឱ្យប៉ះពាល់ដល់សុខភាព និង​ អាយុជីវិត ។ នេះបើយោងតាមក្រសួងពាណិជ្ជកម្ម ៕

អត្ថបទដែលជាប់ទាក់ទង