ពលរដ្ឋនិងអ្នកដំណើរទទូចឱ្យលោក ឯក ឃុនឌឿន អភិបាលខណ្ឌទួលគោក ដោះស្រាយបញ្ហាដេប៉ូសំរាមជាប់របងម៉ុងឌីយ៉ាល់

 

(ភ្នំពេញ) ៖ បញ្ហាប្រមូលសំរាមក្នុងទីក្រុងភ្នំពេញ នៅតែបន្តកើតមាន បើទោះបីជាក្រុមហ៊ុនស៊ិនទ្រី ដែលជាក្រុមហ៊ុនតែមួយគត់ទទួលបន្ទុកលើការប្រមូលនិងដឹកជញ្ជូនសំរាមនៅក្នុងទីក្រុងភ្នំពេញ ត្រូវបានរដ្ឋដកហូតយកមកគ្របគ្រងក៏ដោយចុះ។

ការប្រមូល ក៏ដូចជាការគ្រប់គ្រងសំរាមនៅក្នុងទីក្រុងភ្នំពេញកំពុងតែមានបញ្ហា ដោយការប្រមូលសម្រាមមានការយឺតយ៉ាវនិងទីតាំងមួយចំនួនបានទុកជាច្រើនថ្ងៃធ្វើឱ្យសំរាមគរពេញផ្លូវ មើលទៅហាក់ដូចជាមិនមានសោភ័ណភាពនិងគ្មានសណ្ដាប់ធ្នាប់។

ក្នុងនោះដេប៉ូសំរាមមួយកន្លែង ដែលនៅជាប់របងមជ្ឈមណ្ឌលម៉ុងឌីយ៉ាល់ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ ២៣០ ស្ថិតនៅក្នុងសង្កាត់ផ្សារដើមគរខណ្ឌទួលគោក ដោយមកទល់ពេលនេះ ដេប៉ូសំរាមមួយនេះ ត្រូវបានគេដឹងថា បានប្រមូលសំរាមពីសង្កាត់ផ្សេងៗនៅក្នុងខណ្ឌទួលគោក ដឹកនាំយកមកទម្លាក់នៅទីតាំងខាងលើនេះ និងមួយចំនួនមានប្រជាពលរដ្ឋជិតឆ្ងាយយកមកទម្លាក់ចោលប្រមូលផ្ដុំនៅទីតាំងខាងលើ ។

ប្រជាពលរដ្ឋដែលរស់នៅជុំវិញបរិវេណទីតាំងដេប៉ូសំរាមខាងលើ កំពុងតែរងផលប៉ះពាល់និងផ្លូវដង្ហើមដោយសារតែពួកគាត់ត្រូវទ្រាំហិតក្លិនស្អុយអសោចពីគំនរសំរាមទាំងអស់នេះ ។

ប្រជាពលរដ្ឋជុំវិញទីតាំងខាងលើក៏បានលើកឡើងថាបញ្ហាសំរាមនៅទីតាំងខាងលើនេះមកទល់ពេលនេះគឺមានរយៈពេលពីរឆ្នាំជាងមកហើយ ដែលគំនរសំរាមនេះ ធ្វេីអោយមានការកកស្ទះ គ្មានសណ្ដាប់ធ្នាប់និងបង្កជាក្លិនស្អុយអសោច ក្នុងនោះប្រជាពលរដ្ឋបានលើកឡើងថាបើសិនជាមានភ្លៀងម្ដងៗឃើញសំរាមអណ្ដែតហូរពេញផ្លូវ ជាពិសេសប្រព័ន្ធលូ គឺត្រូវកកស្ទះទៅដោយសារតែសំរាមទាំងអស់នេះ។

យ៉ាងណាមិញប្រជាពលរដ្ឋមានការសំណូមពរទៅខាងអាជ្ញាធរជាញឹកញាប់ ប៉ុន្តែខាងសង្កាត់ខណ្ឌហាក់បីដូចជាគ្មានអេីពេី ពីបញ្ហាខាងលើនេះ ខណៈ ប្រជាពលរដ្ឋនៅតែទទូចសុំអាជ្ញាធរថាអោយដកដេប៉ូសំរាមនេះចេញ ដោយចោទជាសំណួរថា តើករណីខាងលើនេះ លោកអភិបាលខណ្ឌទួលគោក អាចមានសមត្ថភាពនិងដូរទីតាំងដេប៉ូសំរាមចេញពីទីនេះបានដែរឬទេ ? ឬក៏ទុកបណ្ដោយឲ្យប្រជាពលរដ្ឋស្រូបក្លិនស្អុយអសោចបែបនេះតទៅមុខទៀត?

លោកចៅសង្កាត់ផ្សារដើមគរ បានប្រាប់អ្នកសារព័ត៌មានថា លោកមិនហ៊ានបញ្ចេញយោបល់ពាក់ព័ន្ធជាមួយនឹងបញ្ហាទាំងអស់នេះឡេីយ ដោយឡែកអភិបាលខណ្ឌទួលគោក លោក ឯក ឃុនឌឿន បដិសេធមិនឆ្លើយតប ដោយមិនព្រមលើកទូរសព្ទ័របស់អ្នកសារព័ត៍មានឡើយ។

យ៉ាងណាប្រជាពលរដ្ឋនៅតែចោទសួរថាបញ្ហាខាងលើនេះតេីអាជ្ញាធមូលដ្ឋានខណ្ឌទួលគោកអាចមានសមត្ថភាពក្នុងការរៀបចំសណ្ដាប់ធ្នាប់នៅតាមបណ្ដោយផ្លូវ ២៣០នេះដែររែទេ ព្រោះកន្លងមកអនុវត្តគ្មានប្រសិទ្ធភាព ដូចវែកចកក្នុងស្រះ ៕

អត្ថបទដែលជាប់ទាក់ទង