រថយន្ត១គ្រឿងមិនស្គាល់ម៉ាក បានបើកគេចខ្លួន បន្ទាប់ពីបើកបរបញ្ច្រាសទិសគ្នា រេចង្កូតទៅបុកម៉ូតូពេញទំហឹង បណ្តាលឱ្យរងរបួសធ្ងន់៣នាក់

(ប៉ៃលិន) ៖ រថយន្ត១គ្រឿងមិនស្គាល់ម៉ាក បានបើកគេចខ្លួន បន្ទាប់ពីបើកបរបញ្ច្រាសទិសគ្នា រេចង្កូតទៅបុកម៉ូតូពេញទំហឹង បណ្តាលឱ្យរងរបួសធ្ងន់៣នាក់តែម្តង ។

ហេតុការណ៍បើករថយន្តបុកម៉ូតូនេះ បានកើតឡើងនៅ​វេលាម៉ោង​៥ និង៣១នាទីល្ងាច ថ្ងៃ​ទី​៣០​ ខែមីនា​ ឆ្នាំ២០២០ម្សិលមិញនេះ នៅបណ្តោយផ្លូវជាតិលេខ៥៩ ក្នុងភូមិភ្នំស្ពុង ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។

បើយោងតាមប្រភពព័ត៍មានពីនគរបាលស្រុកសាលាក្រៅ បានឱ្យដឹងថា ជនរងគ្រោះមាន ឈ្មោះ ឃាន ស៊ីវឿន ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមឃុំកើតហេតុខាងលើ បានរងរបួសធ្ងន់ បើកបរម៉ូតូម៉ាកឃ្លីក ពណ៌ស ពាក់ផ្លាកលេខ ប៉ៃលិន C-4059។ អ្នករួមដំណើរទី១. ឈ្មោះ ឃាន សុខហេង ភេទប្រុស អាយុ៣ឆ្នាំ ជាកូន បានរងរបួសធ្ងន់ និងអ្នករួមដំណើរទី២. មិនស្គាល់អត្តសញ្ញាណ បានរងរបួបួសធ្ងន់ដូចគ្នា។

ចំណែកអ្នកបើកបររថយន្ត មិនស្គាល់អត្តសញ្ញាណ ដោយបើកបរច្រាសទិសគ្នា ។ ក្រោយពេលកើតហេតុ ភាគីខាងរថយន្ត បានបើកបររត់គេចបាត់ពីកន្លែងកើតហេតុ ។

បច្ចុប្បន្ន កម្លាំងជំនាញកំពុងតាមស្រាវជ្រាវស្វែងរកមុខសញ្ញា ។ ឯអ្នករងរបួសទាំងអស់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកខេត្ត ។ ចំណែកឯម៉ូតូ ត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ ៕

អត្ថបទដែលជាប់ទាក់ទង