កម្លាំងនគបាលខណ្ឌសែនសុខ បានធ្វើការឃាត់ខ្លួនជនបង្កម្នាក់ ដែលបានបើករថយន្ដ Tundra មួយគ្រឿងដែលបានបើកបុកគេស្លាប់

(ភ្នំពេញ)៖ ក្រោយពីបានបង្កហេតុជាង៤ម៉ោង កម្លាំងនគបាលខណ្ឌសែនសុខ បានធ្វើការឃាត់ខ្លួនជនបង្កម្នាក់ ដែលបានបើករថយន្ដ Tundra មួយគ្រឿង ពាក់ផ្លាកលេខភ្នំពេញ 2BA-9111 ទៅបុកមនុស្សស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់ នៅយប់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ដែលស្ថិតនៅតាមផ្លូវលេខ ៥៩P ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ នេះបើយោងតាមប្រពភព័ត៌មានពីផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

ប្រភពដដែលបានបន្ថែមទៀតថា ក្រោយពីធ្វើការស្រាវជ្រាវនៅវេលាម៉ោង ០១ និង២០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ កម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដឹកនាំដោយលោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានធ្វើការឃាត់នាំខ្លួនជនបង្កបានភ្លាមៗ និងយកមកអធិការដ្ឋាននគរបាលខណ្ឌសែនសុខ។

បច្ចុប្បន្នជនបង្ក និងរថយន្ត ត្រូវបាននាំយកមកការិយាល័យចរាចរណ៍ផ្លូវគោក ដើម្បីរៀបចំសំណុំឯកសារ បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ និងបន្តអនុវត្តតាមនីតិវិធីច្បាប់។

សូមជម្រាបថា បើតាមកាមេរ៉ាសុវត្ថិភាពគេបានឃើញបុរស២នាក់ ជិះម៉ូតូមួយគ្រឿងម៉ាក Honda Dream C125 តាមបណ្តោយផ្លូវលំក៏បត់ឡើងមកផ្លូវមួយទៀត តែបត់មិន
ទាន់ផុតផងក៏មានរថយន្តមួយគ្រឿង បើកយ៉ាងលឿនក៏បុកពេញទំហឹងបណ្តាលឲ្យបុរសស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់។

បន្ទាប់ពីបុកហើយអ្នកបើករថយន្ត មិនបានឈប់នោះទេ គឺបើករត់បាត់ស្រមោល ដោយន្សល់ទុកស្លាកលេខ នៅកន្លែងកើតហេតុ គឺលេខភ្នំពេញ 2BA-9111។

ក្រោយកើតហេតុសមត្ថកិច្ច ចុះមកដល់កន្លែងកើតហេតុ វាស់វែងរួចប្រគល់សពទៅឲ្យយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី នៅឯស្រុកកំណើត។ អ្នកស្លាប់ និងអ្នករបួសគឺជាបងប្អូនថ្លៃនឹងគ្នា៕

អត្ថបទដែលជាប់ទាក់ទង