ចាប់បានហើយ ជនបង្កបាញ់ឡើងលើ ១០គ្រាប់ កាលពីយប់មិញ ធ្វើឲ្យស្រ្តីម្នាក់ភ័យញ័រខ្លួន សន្លប់នៅមុខផ្ទះ

កាលពីវេលាម៉ោង១០:១០នាទីយប់ ថ្ងៃសៅរិ៍ ទី២៩ ខែមីនា ឆ្នាំ២០២០នេះ នៅចំណុចតំបន់មិនរៀបរយ លើផ្លូវរថភ្លើង កែងផ្លូវR6 ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ បើតាមសម្ដីសាក្សីនិងប្រជាពលរដ្ឋប្រុសស្រី ដែលឃើញហេតុផ្ទាល់បានរៀបរាប់ប្រាប់ក្រុមការងារខ្មែរណូតថា នៅមុនពេលកើតហេតុ គេឃើញជនស៊ីវិលមួយក្រុម មានគ្នា៦-៧នាក់ បើករថយន្ត៣គ្រឿង មួយគ្រឿងម៉ាក LEXUS RX330 ពណ៌ស (មិនចាំស្លាកលេខ) មានគ្នា៣នាក់ និងមួយគ្រឿងទៀត Highlander ពណ៍ស (មិនចាំស្លាកលេខ) មានគ្នា២នាក់ និងរថយន្តបាឡែនមួយគ្រឿងទៀត មិនចាំភិនភាគច្បាស់ទេ បានបើកចូលមកក្នុងភូមិកើតហេតុ តំបន់មិនរៀបរយតាមបណ្ដោយផ្លូវរថភ្លើងជាបន្តបន្ទាប់គ្នា ស្រាប់តែមាត់ឡូឡាហើយក៏ដកកាំភ្លើងខ្លី(មិនស្គាល់ម៉ាក) បាញ់ឡើងលើមេឃជាច្រើនគ្រាប់ ជិត១០គ្រាប់ផ្ទួនៗគ្នា អស់ប្រហែលមួយបង់ ដោយមិនដឹងមូលហេតុ។

ទើបប្រជាពលរដ្ឋខ្លះនាំគ្នាបើកទ្វារផ្ទះចេញមើល ឃើញជនស៊ីវិលដែលជាខ្មាន់កាំភ្លើងឡើងអង្គុយលើរថយន្ត របស់ពួកគេ ហើយស្រែកសួរប្រជាពលរដ្ឋវិញថា “មើលអី… មានរឿងអ្វីមែន?” ហើយក៏បើករថយន្តគេចចេញពីកន្លែងកើតហេតុទៅបាត់អស់ទៅ ធ្វើឲ្យប្រជាពលរដ្ឋមានការភ័យខ្លាចយ៉ាងខ្លាំង រហូតដល់ថ្នាក់មានស្ត្រីម្នាក់ដែលឃើញហេតុការណ៍នោះ ញ័រខ្លួនញ័រប្រាណ ភិតភ័យខ្លាំងពេក ក៏សន្លប់បាត់បង់ស្មារតីនៅមុខផ្ទះតែម្ដង ផ្អើលអ្នកជិតខាងនាំគ្នាចេញមកជួយយកប្រេងកូឡាលេបរិតៗ រហូតដឹងខ្លួនវិញផងដែរ ។ ជនបង្ក ឈ្មោះ គង់ សុភាព ពាក់ស័ក្តិ៤កន្លះ (វរសេនីយ៍ទោ) មានតួនាទីជានាយរងការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

ហើយមុននេះបន្តិចតាមផេកស្នងការ បានបង្ហោះឲ្យដឹងថា៖ ដោយអនុវត្តតាមបទបញ្ជា និងការណែនាំរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បុរសម្នាក់ឈ្មោះ គង់ សុភាព អាយុ៤២ឆ្នាំ ដែលបង្កការបាញ់បោះកាលពីយប់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង ២២:១០នាទី នៅម្តុំអតីតបឹងកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញ ត្រូវបានសមត្ថកិច្ចនៃការិយាល័យព្រហ្មទណ្ឌកំរិតស្រាលចាប់ខ្លួនបានហេីយ និងរៀបចំសំណុំរឿង ដេីម្បីបញ្ជូនទៅតុលាការ អនុវត្តបន្តតាមនីតិវីធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង