នាវាទេសចរណ៍ MS Zaandam គ្មានកំពង់ផែណាព្រមទទួលឲ្យចូលចត ខណៈដែលកប៉ាល់នេះនៅជាប់គាំងនៅក្បែរឆ្នេរសមុទ្រនៃប្រទេសប៉ាណាម៉ា ក្រោយពីផ្ទុះរឿង COVID-19

(អន្តរជាតិ)៖ យោងទៅតាមទីភ្នាក់ងារសារព័ត៌មាន Channel News Asia នាព្រឹកថ្ងៃចន្ទ ទី៣០ ខែមីនា ឆ្នាំ២០២០នេះ បានឲ្យដឹងថា នាវាទេសចរណ៍ MS Zaandam គ្មានកំពង់ផែណាព្រមទទួលឲ្យចូលចត ខណៈដែលកប៉ាល់នេះនៅជាប់គាំងនៅក្បែរឆ្នេរសមុទ្រនៃប្រទេសប៉ាណាម៉ា ក្រោយពីផ្ទុះរឿង COVID-19។

សូមបញ្ជាក់ផងដែរថា ក្រុមហ៊ុននាវាទេសចរណ៍អាមេរិក ហូល្លេនដ៍អាមេរិខាឡាញ (Hollande America Line) គ្រោងបញ្ជាឲ្យ MS Zaandam ទៅចូលតនៅកំពង់ផែរដ្ឋផ្លូរីដា តែទីក្រុងមួយនេះ មិនអាចទទួលយកនាវាដែលកំពុងផ្ទុកអ្នកកើតជំងឺ COVID-19 នោះឡើយ ដែលនាំឲ្យ នាវានោះបានជាប់គាំងនៅមហាសមុទ្រប៉ាស៊ីហ្វិក តាំងតែពីថ្ងៃទី១៤ ខែមីនា មកម្ល៉េះជាមួយមនុស្សជិះនៅលើនោះជាង ១,៨០០នាក់។

ចំណែកឯអាជ្ញាធរប្រទេសប៉ាណាម៉ាវិញ កាលពីថ្ងៃសៅរ៍សប្តាហ៍មុននេះ បានប្រកាសយល់ព្រមឲ្យ MS Zaandam ឆ្លងកាត់ព្រែកជីករបស់ខ្លួនពីមហាសមុទ្រប៉ាស៊ីហ្វិក ទៅកាន់ដែនសមុទ្រការីបៀនហើយ ក្រោមហេតុផលមនុស្សធម៌។

គួរបញ្ជាក់ថា កាលពីចុងសប្តាហ៍មុននេះ ក្រុមហ៊ុនហូល្លេនដ៍អាមេរិខាឡាញ (Holland America Line) បានអះអាងថា អ្នកដំណើរ ០៤នាក់បានបាត់បង់ជីវិត ក្នុងចំណោមអ្នកដំំណើរចំនួនជាង ១៣០នាក់នៅលើកប៉ាល់នោះ បានកើតមានអការៈដូចជាជំងឺផ្តាសាយ ហើយក្រោយការធ្វើតេស្ត ទើបក្រុមជំនាញបានរកឃើញថា ០២នាក់ក្នុងចំណោមនោះមានផ្ទុកវីរុសកូរ៉ូណាថ្មី (COVID-19)។

ផ្នែកគ្រប់គ្រងនាវាខាងលើនេះមិនបានបញ្ជាក់ថា តើមនុស្សទាំង ០៤នាក់ខាងលើនេះ បានស្លាប់ដោយសារតែវីរុសកូរ៉ូណាថ្មី (COVID-19) ឬមួយក៏អត់នោះឡើយ ប៉ុន្តែជនរងគ្រោះទាំងអស់ សុទ្ធតែជាមនុស្សមានវ័យចំណាស់ និងខ្លះមានជំងឺប្រចាំកាយផងដែរ។ មណ្ឌលសុខភាពលើ MS Zaandam បានរង់ចាំឧបករណ៍ធ្វើតេស្តរក COVID-19 ដើម្បីធ្វើតេស្តអ្នកដំណើរ ព្រមទាំងបុគ្គលិកនានា៕

អត្ថបទដែលជាប់ទាក់ទង