មនុស្សមួយក្រុមជិះរថយន្តពីរគ្រឿងបាញ់បោះជាច្រើនគ្រាប់បណ្ដាលឲ្យស្រ្តីម្នាក់ដួលសន្លប់ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង !

(ភ្នំពេញ)៖ នាយប់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០ មានករណីបាញ់បោះជាច្រើនគ្រាប់មួយ ដែលបង្កឡើងដោយមនុស្សមួយក្រុមជិះរថយន្តពីរគ្រឿង បណ្ដាលឲ្យស្រ្តីម្នាក់ដួលសន្លប់ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

ហេតុការណ៍ដ៏គួរឲ្យភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើងស្ថិតនៅផ្លូវ រថភ្លើងសង្កាត់ស្រះចក ខណ្ឌដូនពេញក្រុងភ្នំពេញ។

បើយោយតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញមនុស្សមួយក្រុម មានគ្នាជិត១០នាក់ ជិះរថយន្តពីរគ្រឿងមួយគ្រឿងម៉ាក Lexus RX 330 ពណ៌ស និងមួយគ្រឿងទៀតម៉ាក Camry ពណ៌សមិនចាំស្លាកលេខទាំងពីរ បានចុះពីរថយន្តដើរសំដៅមកទីតាំងកើតហេតុ ដែលមានប្រជាពលរដ្ឋកំពុងអង្គុយជុំគ្នា។

ស្រាប់តែជនដៃដល់ បានទាញកាំភ្លើងបានបាញ់ជិតជាច្រើនគ្រាប់បណ្ដាលឲ្យប្រជាពលរដ្ឋភិតភ័យ នាំគ្នារត់ជាន់ជើងគ្នាបណ្ដាលឲ្យស្រ្តីម្នាក់បានដួលសន្លប់។

ប្រភពដដែលបានបន្តទៀតថា ក្រោយពីបាញ់រួច ជនដៃដល់បានដើរមកសួរជនរងគ្រោះថា ងាប់ហើឬនៅ រួចក៏នាំគ្នាគេចខ្លួនឡើងជិះរថយន្តគេចខ្លួន ចេញពីកន្លែងកើតហេតុបាត់ស្រមោលតែម្ដង។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន ចុះមកដល់ទីតាំងកន្លែងកើតហេតុបានត្រឹមតែប្រមូលសំបកគ្រាប់កាំភ្លើង រួចធ្វើការសាកសួរអ្នកដែលឃើញហេតុការណ៍ ដើម្បីកំណត់មុខសញ្ញាជនដៃដល់ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង