នារីស្រស់ស្អាតម្នាក់ ឈ្មោះ ជា ចរិយា រងការចោទប្រកាន់ថា បានឆបោកប្រាក់រាប់ពាន់ដុល្លារ រួចគេចខ្លួនមិនចូលដោះស្រាយ

សៀមរាប៖នារីស្រស់ស្អាតម្នាក់ ឈ្មោះ ជា ចរិយា អាយុ៣៦ឆ្នាំ មានទីលំនៅក្នុងសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ត្រូវបានបុរសម្នាក់ជាដៃគូរកស៊ីហ៊ុននឹងគ្នា ប្តឹងចោទប្រកាន់ថា បានឆបោកប្រាក់ចំនួន៤,៥០០ដុល្លារ តាមរូបភាពទទួលប្រាក់ហើយ មិនព្រមប្រគល់ប្រាក់ដើម្បីកក់ថ្លៃទិញផ្ទះ តាមការសន្យា រួចគេចវេសមិនព្រមចូលខ្លួនដោះស្រាយទាល់តែសោះ ។

ដើមបណ្តឹង បានដាក់ពាក្យបណ្តឹងរួចរាល់ហើយ ចូលការិយាល័យព្រហ្មទណ្ឌកម្រិតនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប តាំងពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩ ដែលរហូតមកទល់ពេលនេះ នៅពុំទាន់ចាប់ខ្លួននារីឆបោកប្រាក់នេះ បាននៅឡើយទេ ។

លោក កែវ មុន្នីឧត្តម អាយុ២៧ឆ្នាំ ជាដើមបណ្តឹង បានរៀបរាប់ក្នុងពាក្យបណ្តឹងថា លោកបានស្គាល់ឈ្មោះ ជា ចរិយា នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨ ហើយបានចាប់ដៃរកស៊ីហ៊ុនគ្នា ។ លុះដល់ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៩ ឈ្មោះ ជា ចរិយា បានសួរលោកថា “ប្អូនស្រលាញ់ផ្ទះល្វែងដែរឬទេ?” មានគេលក់ក្នុងតម្លៃ២,៥០០០ដុល្លារអាមេរិក ដែលមានទំហំ៤ម៉ែត្រកន្លះគុណនឹង២០ម៉ែត្រ ក្នុងសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ។

ដើមបណ្តឹង បន្តថា នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៩ ដោយមានការបញ្ចុះបញ្ចូល លោកក៏ព្រមទិញផ្ទះល្វែងខាងលើ ហើយ ឈ្មោះ ជា ចរិយា បានតម្រូវអោយលោកកក់ប្រាក់មុនចំនួន ២,៥០០ដុល្លារអាមេរិក ដោយមានឈ្មោះ ជា ចរិយា ធានាអះអាងនិងលោកជឿទុកចិត្តផង លោកក៏បានប្រគល់ប្រាក់កក់ផ្ទះនេះ អោយឈ្មោះ ជា ចរិយា ។

ក្រោយពីបានទទួលប្រាក់កក់ហើយ ឈ្មោះ ជា ចរិយា ពុំបានយកប្រាក់នេះ ទៅកក់ថ្លៃផ្ទះល្វែងនោះទេ បែរជាយកទៅចាយវាយផ្ទាល់ខ្លួន ហើយបានគេចវេសមិនព្រមទទួលខុសត្រូវក្នុងរឿងនេះ រហូតមកទល់បច្ចុប្បន្ន នេះ ។ ប៉ុន្តែ ក្រោយមកទៀត ឈ្មោះ ជា ចរិយា បានមកបោកប្រាស់ប្រាក់ចំនួន២,០០០ដុល្លារថែមទៀត ដោយសរុបទាំងអស់ចំនួន៤,៥០០ដុល្លារអាមេរិក ។

ដើមបណ្តឹងបានសំណូមពរអោយសមត្ថកិច្ចចាប់ខ្លួននារីឆបោករូបនេះ ដើម្បីផ្តន្ទាទោសតាមច្បាប់ផង ៕

អត្ថបទដែលជាប់ទាក់ទង