ក្រសួងពាណិជ្ជកម្មប្រាប់អ្នកលក់ម៉ាស់ អាកុល ឧបករណ៍វាស់កម្តៅឲ្យមានស្មារតីសាមគ្គីជាតិ កុំដំឡើងថ្លៃរបស់ហួសហេតុ

(ភ្នំពេញ)៖  ក្រសួងពាណិជ្ជកម្មបានសង្កេតឃើញថា អ្នកលក់ ពិសេសអ្នកលក់តាម អនឡាញ បានធ្វើការដំឡើងថ្លៃ របស់របរមួយចំនូន ពិសេសរបស់ដែលពលរដ្ឋត្រូវប្រើប្រាស់ក្នុងការការពារជំងឺកូវីដ១៩ ឬ ចំណីអាហារ ដែលត្រូវទទូលទានប្រចំាថ្ងៃ។ ក្រសួងថាការដំឡើងថ្លៃហួសហេតុណាមួយនឹងអាចធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់សន្តិសុខជាតិ។ ក្រសួងពាណិជ្ជកម្មបានធ្វើការអំពាវនាវដល់អ្នកលក់ទំាងអស់នោះ ឲ្យមានស្មារតីសាមគ្គីជាតិ។

ក្នុងសេចក្តីអំពាវនាវមួយ ដល់អ្នកលក់ម៉ាស់ អាកុលឬជែលលាងដៃ ឧបករណ៍ស្ទង់កម្តៅ និងគ្រឿងឧបភោគបរិភោគ ចាំបាច់មួយចំនួន កុំធ្វើការដំឡើងថ្លៃរបស់ទំាងនោះ ត្រូវមានស្មារតីសាមគ្គីជាតិខ្មែរ កុំឆ្លៀតឱកាសដំឡើងថ្លៃទំនិញ កេងចំណេញហួសហេតុ។

សេចក្តីអំពាវនាវក៍បានបញ្ជាក់ថា ក្រសួងនឹងចាត់មន្រ្តីចុះពិនិត្យការលក់ដូរទំាងនោះ ដើម្បីធានាតម្លៃនិងគុណភាពជូនពលរដ្ឋ។ ក្រសួងក៍បានធ្វើការអំពាវនាវដល់ពលរដ្ឋទំាងអស់រក្សានូវភាពហ្នឹងនរ កុំជ្រួលច្របល់ហួសហេតុ នាំឲ្យជនឱកាសនិយមអាចឆ្លៀតយកចំណេញតាមរយៈការដំឡើងថ្លៃទំនិញនេះ៕

អត្ថបទដែលជាប់ទាក់ទង