មន្ត្រីអគ្គនាយកដ្ឋានកាំកុងត្រូល ចុះប្រតិបត្តិការទ្រុងទ្រាយធំ ត្រួតពិនិត្យ ម៉ាស់ និងទឹកអាកុល ដែលគ្មានគុណភាព និងលក់ក្នុងតម្លៃថ្លៃ
រាជធានីភ្នំពេញ៖ បើយោងតាមការចុះផ្សាយនៅលើគណនីហ្វេសប៊ុករបស់ ទូរទស្សន៍ជាតិកម្ពុជា បានឲ្យដឹងថា មន្ត្រីជំនាញ នៃអគ្គនាយកដ្ឋានកាំកុងត្រូល ចុះប្រតិបត្តិការឆែកឆេរ នៅតាមឱសថស្ថាននានា ចំនួន៤ទីតាំង រួមមាននៅម្តុំផ្សារអូឡាំពិក ម្តុំផ្សារតាប៉ាង ផ្សាទំនើបម៉ាក្រូ និងផ្សារទំនើបអ៊ីអនសែនសុខ ដើម្បីស្វែករកនូវផលិតផល ម៉ាស់ និងអាកុលសម្រាប់លាងសំអាតដៃ ដែលគ្មានគុណភាព និងលក់ក្នុងតម្លៃថ្លៃជូនដល់ប្រជាពលរដ្ឋ ឆ្លៀតឱកាសដែលវីរុស កូវីត១៩ (COVIT 19) កំពុងរីករាលដាល។ ប្រតិបត្តិការនេះ ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០នេះ ។
ក្នុងឱកាសចុះប្រតិបត្តិការត្រួតពិនិត្យនេះ មន្ត្រីជំនាញ បាននាំយកនូវអាកុល និងម៉ាស់មួយចំនួន មកធ្វើការពិសោធន៍ និងបានធ្វើការណែនាំ អោយម្ចាស់ទីតាំង ឱសថស្ថាន រឺហ្វាម៉ាស៊ីទាំងអស់ ចូលរួមសហការ ជាមួយមន្ត្រីជំនាញតាមរយៈការលក់នៅផលិតផលដែលមានគុណភាព និងមានយីហោច្បាស់លាស់ ជាមួយនិងការរក្សាតម្លៃអោយបានសមរម្យ ដើម្បីជាការចូលរួមចំណែកជួយដល់ប្រជាពលរដ្ឋ ប្រយុទ្ធប្រឆាំង បង្ការ ទប់ស្កាត់ នូវវីរុសកូវីត១៩ COVIT19 ដែលកំពុងរីករាលដាលនៅកម្ពុជា៕
ប្រភព៖ ទូរទស្សន៍ជាតិកម្ពុជា ទទក – TVK