តេស្តិ៍ ៨ ដងហើយ នៅតែផ្ទុកដដែល តោះមកដឹងពីមូលហេតុនាំឱ្យបុរសខ្មែរនៅសៀមរាបឆ្លងកូវីដ ១៩ ដំបូងគេ

ទាក់ទិនទៅនឹងករណីឆ្លងកូវីដ ១៩ នៅកម្ពុជាមកទល់ពេលនេះគឺមានចំនួនសរុប ៩៦ ករណីហើយដោយភាគច្រើនជាជនបរទេស ។ ក្នុងនោះដែរបុរសអាយុ ៣៨ ឆ្នាំនៅខេត្តសៀមរាបម្នាក់ គឺជាជនជាតិខ្មែរដំបូងដែលបានឆ្លងកូវីដ ១៩ នេះ ពីជនជាតិជប៉ុន ។

អ្វីដែលគួរឱ្យចាប់អារម្មណ៍ពីសំណាក់ប្រជាពលរដ្ឋទូទាំងប្រទេសនោះគឺ បុរសខាងលើនៅមិនទាន់ជាសះស្បើយ ឬ តេស្តិ៍អវិជ្ជមានកូវីដ ១៩ វិញនៅឡើយ គិតមកដល់ថ្ងៃទី ២៥ មីនា ២០២០ កន្លងទៅនេះគឺការព្យាបាលរូបគាត់បានប្រើប្រាស់ពេលវេលាអស់ ១៩ ថ្ងៃ ខណៈមានមនុស្សចំនួន ១០ នាក់ហើយដែលបានជាសះស្បើយ ក្នុងនោះមាន ៩ នាក់ដែល បានឆ្លងជំងឺនេះក្រោយគាត់ជាច្រើនថ្ងៃ ។

ឆ្លើយតបទៅនឹងចម្ងល់នេះដែរ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តសៀមរាប លោក ក្រុស សារ៉ាត់ បានឱ្យដឹងថា ការធ្វើ​តេស្ដិ៍ជា​លើក​ទី ​៨ លើ​បុរស​ជនជាតិខ្មែរ​ដំបូង​ដែលមាន​មេរោគ​កូ​វីដ ​១៩ គឺ​លទ្ធផល​បន្ត​វិជ្ជមាន​នៅឡើយ​ ប៉ុន្តែអ្វីដែលល្អប្រសើរនោះ គឺអ្នកបុរសរូបនោះមានសុខភាពល្អធម្មតា ចំណែក​មេរោគ​កាន់តែ​ថយចុះ គ្រាន់តែ​ការ​ថមថយ​នោះ​យឺត​ ។ នេះបើតាមការបញ្ជាក់របស់លោកទៅកាន់សារព័ត៌មានថ្មីៗ នៅថ្ងៃទី ២៥ មីនា ២០២០ ។

លោក​ប្រធាន​មន្ទីរ​សុខាភិបាល​ពន្យល់​បន្ថែម​ថា​៖ “មេរោគ​នៅតែមាន គឺ​ថយ​យឺត តែ​សុខភាព​គាត់​ធម្មតា ល្អ តែ​គាត់​នៅមាន​សតិអារម្មណ៍​ថា ហេតុអ្វី​ក៏​រៀង​យូរ​ម្លេះ តែបើ​តាម​ក្រុមគ្រូពេទ្យ​ដែល​ធ្លាប់​ព្យាបាល​នៅ​ចិន គាត់​ថា​នៅ​ចិន​ក៏មាន​ករណី​នេះដែរ គឺអាច​ដល់ ​៣០ ​ថ្ងៃ​ឯណោះ ដូច្នេះ​យើង​នឹង​បន្ត​តាមដាន និង​ ព្យាបាល​គាត់​ទៀត​។ មួយទៀត គាត់​មាន​ជំងឺ​រលាក​ថ្លើម​ប្រភេទ B ផង​ទើបបានជាបែបនេះ ។ ហើយ​អ្វីដែល​យើង​កំពុង​គិត​នេះ គឺអាច​ថា​មេរោគ​ដែល​ឆ្លង​ពី​ជនជាតិ​ជប៉ុន​នោះ ជា​មេរោគ​មួយបែប​ទៀត​ពី​មេរោគ​ដែល​គេ​ផ្សេងៗ​ឆ្លង​។ អ្វីដែល​កត់សម្គាល់ គឺ​បុរស​ជនជាតិ​ជប៉ុន​នោះ ពេលនេះ​គាត់​បានជា​សះស្បើយ​ហើយ​”

សូមបញ្ជាក់ថា ទោះបីជាយ៉ាងណាក៏ដោយ ក្រុមគ្រូពេទ្យបានព្យាយាមសាកល្បងដូរថ្នាំ និងមើលថែទាំ ​បន្ត​ព្យាបាល​អ្នកជំងឺ​ដោយ​យកចិត្តទុកដាក់ និង​ប្រើ​វិធីសាស្ដ្រ​ផ្សេងៗ​ដើម្បីឱ្យ​ជាសះស្បើយ​ឆាប់ៗ​ ៕

អត្ថបទដែលជាប់ទាក់ទង