សម្តេចបានគូសបញ្ជាក់ថាកម្ពុជាមិនយកថ្លៃសេវាព្យាបាលចំពោះជនបរទេសនោះឡើយ !

(ភ្នំពេញ)៖ សម្តេចនាយករដ្ឋមន្រ្តីបានលើកឡើងថាកម្ពុជា បានខិតខំទប់ស្កាត់ជំងឺកូវីដ១៩ ដែលពីដំបូងជាកូរ៉ូណានេះ បានពីរដំណាក់កាលហើយ។ សម្តេចបានលើកថាដំណាក់ដំបូងៗគឺសម្តេចបានទប់ស្កាត់ ជំងឺភ័យខ្លាចនិងការបំពុលព័ត៌មានមិនពិត។

មានប្រសាសន៍នៅក្នុងពិធីជួបសំណេះសំណាលជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ដែលនឹងចេញទៅប្រយុទ្ធប្រឆំាងជំងឺកូវីដ១៩ ជាមួយក្រសួងសុខាភិបាលជាង៤០០នាក់ នាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០នៅទីស្តីការគណរដ្ឋមន្រ្តី សម្តេចបានគូសបញ្ជាក់ថាកម្ពុជា បានធ្វើឲ្យមានការធ្លុះធ្លាយដោយសារជនជាតិបរទេសបាននាំជំងឺនេះ ចូលកម្ពុជា។ នៅក្នុងនោះមានបុរសជនជាតិជប៉ុន ដែលស្នាក់នៅខេត្តសៀមរាប។ ករណីនាវាទេសចរណ៍វៀតណាម ដែលចូលមកកម្ពុជា ចតនៅខេត្តកំពង់ចាម ករណីជនជាតិបារំាងដែលឆ្លងកាត់ប្រទេសសឹង្ហបុរី ករណីពលរដ្ឋដែលទៅចូលរួមពិធីសាសនានៅម៉ាឡេស៊ី ហើយចុងក្រោយករណីជនជាតិបារំាង ៣៥នាក់នៅខេត្តព្រះសីហនុ ។

សម្តេចបានលើកឡើងថាវត្តមានកូវីដ១៩នៅកម្ពុជាភាគច្រើនជាការនាំចូលរបស់ជនបរទេស មកកម្ពុជា។ សម្តេចនាយករដ្ឋមន្រ្តីបានគូសបញ្ជាក់ថា រហូតមដល់ពេលនេះ គឺកម្ពុជាឈានដល់ដំណាក់កាលបីទៀត។ ដំណាក់កាលទី១គឺបន្តវិធានការការពារការឆ្លងពីខាងក្រៅ។ ទីពីរ ការពារកុំឲ្យមានការឆ្លងក្នុងស្រុក ហើយទី៣ ការព្យាបាលអ្នកជំងឺ។

ចំពោះការព្យាបាលនេះ សម្តេចបានគូសបញ្ជាក់ថាកម្ពុជាមិនយកថ្លៃសេវាព្យាបាលចំពោះជនបរទេសនោះឡើយ។ ក្រៅពីមិនយកថ្លៃលើសេវាព្យាបាលសម្តេចបញ្ជាឲ្យអាជ្ញាធរ រៀបចំចំណីអាហារបែបបរទេស ដល់អ្នកជំងឺជាជនបរទេសឲ្យបានល្អ។ សម្តេចគូសបញ្ជាក់ថាកម្ពុជាក្រតែចិត្តធំ ខុសពីប្រទេសថ្លៃ ដែលគេយកថ្លៃព្យាបាលពីជនបរទេស៕

អត្ថបទដែលជាប់ទាក់ទង