បុរសជាអ្នករត់ម៉ូតូឌុបម្នាក់ ត្រូវជនសង្ស័យវាយបែកចិញ្ចើមម្ខាង រត់ទៅប្តឹងប៉ូលិស

ភ្នំពេញ: បុរសជាអ្នករត់ម៉ូតូឌុបម្នាក់ រងរបួសបែកភ្នែកខាងឆ្វេង ហូរឈាមកក្លាក់ បន្ទាប់ពីត្រូវជនសង្ស័យជាអ្នករត់ម៉ូតូកង់បី ប្រើញញួរជ័រវាយ ហើយមិនសុខចិត្ត ក៏រត់ទៅប្តឹងនគរបាលប៉ុស្តិ៍ចោមចៅ៣ ឲ្យជួយអន្តរាគមន៍ តែពេលទៅដល់ជនសង្ស័យ បានបើកម៉ូតូកង់បីគេចខ្លួនបាត់។

ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង ៧និង១០នាទីព្រឹក ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ នៅតាមផ្លូវជាតិលេខ៤ កែងមហាវិថីឈ្នះឈ្នះ មុខស្ថានីយ៍ប្រេង ភូមិព្រៃស្វាយ សង្កាត់ចោមចី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ សឿ ម៉ានិន ភេទប្រុស អាយុ ៤៤ឆ្នាំ មុខរបររត់ម៉ូតូឌុប មានទីលំនៅភូមិតំណាក់ត្រយឹង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ។ ចំណែកជនសង្ស័យ មិនស្គាល់ឈ្នោះ គ្រាន់តែដឹងថា ជាអ្នករត់ម៉ូតូកង់បី ប្រចាំនៅចំណុចខាងលើ ក្រោយកើតហេតុបានគេចខ្លួនបាត់ ។

តាមសម្តីជនរងគ្រោះ បានឲ្យដឹងថា គាត់មិនដែលមានទំនាស់អ្វី ជាមួយជនល្មើសឡើយ តែកាលពីម្សិលមិញ ជនសង្ស័យគំរាមវាយម្តងហើយ ខឹងរូបគាត់ មកឈប់រង់ចាំដឹកម៉ូយ លុះព្រឹកថ្ងៃទី២៤ ខែមីនានេះ ពេលគាត់ជិះម៉ូតូទៅដល់ចំណុចខាងលើ មិនទាន់ទាំងឈប់ម៉ូតូផង ស្រាប់តែជនសង្ស័យស្ទុះមក ប្រដាប់ដោយញញួរជ័រ ដែលគេប្រើសម្រាប់រៀបឥដ្ឋការ៉ូ វាយ មកលើរូបគាត់ចំភ្នែកឆ្វេង ហើយគាត់ក៏ផ្តួលម៉ូតូ រត់ទៅប្តឹងប៉ូលិសប៉ុស្តិ៍ចោមចៅ៣ ។

តាមប្រជាពលរដ្ឋ លើកឡើងថា ពួកគាត់ជឿហើយ ប៉ូលិសប៉ុស្តិ៍ចោមចៅ៣ តែបើស្នើសុំឲ្យជួយអន្តរាគមន៍ រឿងអ្វីវិញ ដែលពលរដ្ឋជួបទុក្ខលំបាក ដូចអូសឫស្សីបញ្ច្រាសចុង ទម្រាំដាច់ចិត្តចេញទៅជួយ ជាឱកាសធ្វើឲ្យភាគីបង្ក រត់គេចខ្លួនបាត់ មានតែទៅចាប់ខ្យល់ ដូចរឿងហិង្សាខាងលើនេះអ៊ីចឹង។

ករណីហិង្សាខាងលើលោក នាយប៉ុស្តិ៍ ដឹកនាំកម្លាំង ចេញទៅ បាត្រឹមទៅរើសយកញញួរ គ្រាន់ធ្វើជាវត្ថុតាង និងឲ្យជនរងគ្រោះលើកម៉ូតូ ជិះវិលត្រឡប់ទៅប៉ុស្តិ៍ ដើម្បីដាក់ពាក្យបណ្តឹង៕

អត្ថបទដែលជាប់ទាក់ទង