វៀតណាមផ្ទុះវីរុសកូរ៉ូណា ៣ករណីទៀត ក្រោយទើបប្រកាសអាសន្នសុខភាពសាធារណ

រដ្ឋាភិបាល​ប្រទេស​វៀតណាម បាន​បញ្ជាក់​ថា​មាន​ផ្ទុះ​ការ​ឆ្លង​វីរុស​កូរ៉ូណា ៣​ករណី​ដែល​បណ្ដាល​ឲ្យ​ចំនួន​សរុប​កើន​ឡើង​ដល់ ៨​ករណី​ទូទាំង​ប្រទេស។

យោង​តាម​ក្រសួង​សុខាភិបាល​វៀតណាម​ឲ្យ​ដឹង​ថា ករណី​ថ្មី​នេះ ត្រូវ​បាន​រក​ឃើញ​លើ​អ្នក​ដំណើរ​ដែល​ចេញ​ពី​ក្រុង Wuhan កាល​ពី​ថ្ងៃ​ទី ៣០​ខែ​មករា។ បច្ចុប្បន្ន​ករណី​ទាំង​អស់​នេះ កើត​ឡើង​នៅ​ក្នុង​ខេត្ត ៤​ប៉ុណ្ណោះ ក្នុង​ចំណោម ៦៣​ខេត្ត​របស់​វៀត​ណាម។ ការ​បញ្ជាក់​ពី​ការ​ឆ្លង​ករណី​ថ្មី ត្រូវ​បាន​ធ្វើ​ឡើង​ក្រោយ​ពេល​ដែល​វៀតណាម​ប្រកាស​អាសន្ន​សុខភាព​សាធារណ​ពី​វីរុស​កូរ៉ូណា​កាល​ពី​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន។ ជាមួយគ្នា ក្រុមហ៊ុន​អាកាសចរ​វៀតណាម ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​សុក្រ​ថា ខ្លួន​នឹង​កាត់​បន្ថយ​ជើង​ហោះហើរ​ពី​ហុងកុង​មក​វៀតណាម​ពី ១០ មក​សល់​ត្រឹម ៧​ជើង​ក្នុង​មួយ​សប្ដាហ៍។

លើស​ពី​នេះ​ទៀត អាជ្ញាធរ​វៀតណាម បាន​ណែនាំ​ឲ្យ​ពលរដ្ឋ​របស់​ខ្លួន​កុំ​ឲ្យ​សូវ​ទៅ​ចូលរួម​ការ​ប្រមុំ​ផ្ដុំ​ធំ​ៗ​ដែល​អាច​ឆ្លងវីរុស​យ៉ាង​ងាយ ខណៈ​ដែល​ការ​ធ្វើ​ជំនួញ​ជាមួយ​ចិន មិន​ត្រូវ​បាន​លើក​ទឹកចិត្ត​នោះ​ទេ​ក្នុង​អំឡុងពេល​នេះ៕

ប្រភព៖ Channelnewsasia
អត្ថបទដែលជាប់ទាក់ទង