ព្រះរាជសារព្រះមហាក្សត្រ និង​សម្តេចម៉ែ៖​ ក្រោមការដឹកនាំដ៏ឆ្លាស់វៃរបស់ឯកឧត្តម Xi Jinping ប្រជាជនចិនប្រាកដជាអាចយកជម្នះបានលើការប្រយុទ្ធប្រឆាំងជម្ងឺកូរ៉ូណាបានយ៉ាជោគជ័យ និងឆាប់រហ័ស

(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ បានប្រគល់ព្រះរាជសារសួរសុខទុក្ខជូនដល់ឯកឧត្តម Xi Jinping ប្រធានាធិបតីចិន ខណៈពេលដែលចិនកំពុងតែកើតមានជម្ងឺវីរុសកូរ៉ូណាប្រភេទថ្មីមួយ។

ព្រះរាជសារត្រូវបានប្រគល់ដោយសម្តេចចៅហ្វាយវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង តាមរយៈឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា នាថ្ងៃទី៥ ខែកុម្ភៈ។

ក្នុងព្រះរាជសាររបស់ព្រះអង្គ និងសម្តេចម៉ែ បានបង្ហាញពីការគាំទ្រយ៉ាងមុតមាំចំពោះការប្រយុទ្ធប្រឆាំងនឹងជម្ងឺវីរុសរបស់រដ្ឋាភិបាល និងប្រជាជនចិន ហើយព្រះអង្គ និងសម្តេចម៉ែបានសម្តែងភាពក្រៀមក្រំជាខ្លាំងចំពោះជនរងគ្រោះដែលបានបាត់បង់ជីវិតដោយសារតែឆ្លងជម្ងឺមួយនេះ។ ព្រះអង្គ និងសម្តេចម៉ែជឿជាក់ថា ស្ថិតនៅក្រោមការដឹកនាំដ៏ឆ្លាស់វៃរបស់ឯកឧត្តម Xi Jinping ប្រជាជនចិនប្រាកដជាអាចយកជម្នះបានលើការប្រយុទ្ធប្រឆាំងចុងក្រោយជាមួយនឹងជម្ងឺវីរុសមួយនេះបានយ៉ាជោគជ័យ និងឆាប់រហ័ស។

បន្ថែមលើព្រះរាជសាររំលែកទុក្ខ ព្រះករុណា ព្រះមហាក្សត្រ និងសម្តេចព្រះវរជាតិមាតាជាតិខ្មែរ ព្រះអង្គទាំងទ្វេ សព្វព្រះរាជហឫទ័យប្រោសព្រះរាជទានចំនួន១៥ម៉ឺនដុល្លារអាមេរិក ដើម្បីរួមចំណែកជាមួយរដ្ឋាភិបាលចិន ដែលកំពុងរងគ្រោះដោយការវាយប្រហារជំងឺរលាកសួតបង្កដោយមេរោគកូរ៉ូណាប្រភេទថ្មី៕

អត្ថបទដែលជាប់ទាក់ទង