ម្នាក់ទៀតហើយ! បុរសខ្មែរនៅសៀមរាប មកពីម៉ាឡេស៊ីផ្ទុក Covid-19 ធ្វើតេស្តជាថ្មីលែងផ្ទុកហើយ

តាមទំព័រហ្វេសប៊ុករដ្ឋបាលខេត្តសៀមរាប ឱ្យដឹងថា លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប​ បាន​ឱ្យ​ដឹងនៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០នេះថា រហូតមកដល់បច្ចុប្បន្ននេះ សភាពអ្នក ផ្ទុកកូវីដ១៩ ចំនួន២នាក់ នៅខេត្តសៀមរាប មានសុខភាពធម្មតា ចំពោះករណីបុរស ជនជាតិខ្មែរ អាយុ៣៨ឆ្នាំ ដែលបានឆ្លងពីបុរសជនជាតិជប៉ុនកន្លងទៅនេះ គឺបានធ្វើតេស្ត ចំនួន៧ដងហើយ ជាលទ្ធផលគឺនៅតែវិជ្ជមានមេរោគកូវីដ១៩ ប៉ុន្តែមេរោគនៅមានចំនួនតិច។

លោកវេជ្ជបណ្ឌិតសង្ឃឹមថា នឹងអវិជ្ជមាននៅក្នុងពេលដ៏ឆាប់ខាងមុខនេះ ខណៈបុរស ជនជាតិខ្មែរម្នាក់ទៀតដែលបានឆ្លងមេរោគកូវីដ១៩ បន្ទាប់ពីត្រឡប់មកពីប្រទេសម៉ាឡេស៊ី ឥឡូវនេះត្រូវបានធ្វើតេស្តកុងត្រូលលើកទី១ លទ្ធផលឃើញថាអវិជ្ជមានមេរោគកូវីដ១៩ នេះហើយនៅថ្ងៃទី២៣ ខែមីនានេះ ហើយនឹងធ្វើតេស្តកុងត្រូលលើកទី២ទៀត។

ប្រសិនបើតេស្តលើកទី២ អវិជ្ជមានទៀតនោះ គឺមានន័យថា គាត់បានជា សះស្បើយ ពីជំងឺCOVID-19នេះហើយ។ គាត់នឹងអាចចាកចេញពីមន្ទីរពេទ្យ ហើយបន្តការងារ ចត្តាឡីស័កនៅផ្ទះខ្លួនឯងបន្តទៀត។ ​ចំពោះករណីពលករខ្មែរដែល ត្រឡប់មកពី ប្រទេសថៃវិញ មន្រ្តីជំនាញ​សហការជាមួយអាជ្ញាធរមូលដ្ឋាន ធ្វើការត្រួតពិនិត្យតាមដាន សុខភាពរបស់ពួកគាត់យ៉ាងយកចិត្តទុកដាក់ ហើយបើតាមប្រកាស របស់រដ្ឋាភិបាលគឺត្រូវឱ្យគាត់រក្សានៅក្នុងផ្ទះដោយមិនពាក់ព័ន្ធជាមួយអ្នកណាចំនួន១៤ថ្ងៃ។

លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ បន្ដថា ចំពោះអ្នកដែលធ្លាប់ពាក់ព័ន្ធប៉ះពាល់ ជាមួយអ្នកជំងឺកូវីដ១៩ និងអ្នកសង្ស័យ បានមកធ្វើតេស្ត រហូតមកដល់ពេលនេះ មានចំនួន១៧២នាក់ ហើយជាលទ្ធផលអ្នកទាំងអស់នេះអវិជ្ជាមានមេ រោគកូវីដ១៩ទាំងអស់។

លោកវេជ្ជបណ្ឌិត បានបញ្ជាក់ថា មកដល់ពេលនេះ ប្រជាពលរដ្ឋមានការយល់ដឹងខ្ពស់ ចូលរួមសហការអនុវត្តវិធានការបង្ការ ការពារ ទប់ស្កាត់ ភ្ញាក់រលឹកមករកសេវាពិគ្រោះជា មួយគ្រូពេទ្យ ក្នុងករណីមានការសង្ស័យ៕

អត្ថបទដែលជាប់ទាក់ទង