ឃាត់ខ្លួនជនសង្ស័យប្រុសស្រី២នាក់ ដកហូតបានថ្នាំញៀនជាង១គីឡូក្រាម និងសារធាតុផ្សំជាង២គីឡូក្រាម នៅខណ្ឌបឹងកេងកង

ភ្នំពេញ៖ ក្រោយទទួលបទបញ្ជាពីនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ, នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរង និងឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ ប្រធានមន្ទីរ ព្រមទាំងមានការសម្របសម្រួលពី លោក គុជ គឹមឡុង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅយប់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២០ កម្លាំងជំនាញរបស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបើកប្រតិបត្តិការបង្ក្រាបករណីគ្រឿងញៀន នៅចំណុចបន្ទប់ជួល ផ្លូវបើកថ្មី ក្បែរកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ឃាត់ខ្លួនបានជនសង្ស័យ២នាក់ ទី១៖ ឈ្មោះ គី ម៉េងហ័រ (KEE BENG HWA) ភេទប្រុស ជនជាតិសិង្ហបូរី មុខរបរមិនពិតប្រាកដ និងទី២៖ ឈ្មោះ ខៀវ ស្រីទូច អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ។

ក្នុងនោះដែរសមត្ថកិច្ច ចាប់យកសារធាតុញៀនគ្រប់ប្រភេទទម្ងន់ប្រមាណ ១,៤៩៣.៧៣ក្រាម រួមមាន៖ មេតំហ្វេតាមីន (ICE) ទម្ងន់ ២១៧.៧៧ក្រាម, កេតាមីនទម្ងន់ ២៧.៧៧ក្រាម, អ៊ិចស្តាស៊ីទម្ងន់១,១៧៧.២៧ក្រាម, នីមេតាហ្សេប៉ាម ទម្ងន់ ៧០.៩២ក្រាម រួមនឹងសារធាតុគីមីផ្សំទម្ងន់ ២,០៩០.៨៦ក្រាម, កញ្ឆាក្រៀម១៥៩.០៨ក្រាម និងឧបករណ៍កែឆ្នៃ១ឈុត៕

អត្ថបទដែលជាប់ទាក់ទង