ជនជាតិ​វៀតណាម ២ រូប បាន​ធ្វើ​តេស្ត​វិជ្ជមាន​លើ​វីរុស COVID-19 ដែល​នាំ​ឲ្យ​ចំនួន​សរុប​នៃ​អ្នក​ឆ្លង​ក្នុង​ប្រទេស​នេះ កើន​ឡើង​ដល់ ១១៨ នាក់!

ជនជាតិ​វៀតណាម ២ រូប បាន​ធ្វើ​តេស្ត​វិជ្ជមាន​លើ​វីរុស COVID-19 ដែល​នាំ​ឲ្យ​ចំនួន​សរុប​នៃ​អ្នក​ឆ្លង​ក្នុង​ប្រទេស​នេះ កើន​ឡើង​ដល់ ១១៨ នាក់ នេះ​បើ​តាម​ក្រសួង​សុខាភិបាល​បញ្ជាក់​នៅ​ថ្ងៃ​ច័ន្ទ​នេះ ។

ក្នុង​ចំណោម​ករណី​ថ្មី​ទាំង ២ នាក់​នេះ ម្នាក់​ជា​បុរស​ជនជាតិ​វៀតណាម វ័យ ៣០ ឆ្នាំ មុខ​របរ​ជា​អ្នក IT រស់​នៅ​ភាគ​ខាង​ត្បូង​នៃ​ខេត្ត Long An ។ លោក​ធ្លាប់​មកលេង​​ប្រទេស​កម្ពុជា នៅ​ក្នុង​ចន្លោះ​ថ្ងៃ​ទី ០៩ ដល់ ១៩ ខែ​មីនា ដោយ​ស្នាក់​នៅ​ក្នុង​សណ្ឋាគារ Infinity Hotel ក្នុង​ទីក្រុង​ភ្នំពេញ ។

បុរស​ខាង​លើ ចាប់ផ្ដើម​មាន​អាការៈ​ក្ដៅ​ខ្លួន និង​ក្អក រួម​ទាំង​ពិបាក​ដក​ដង្ហើម នៅ​ក្នុង​ថ្ងៃ​ទី ១៦ ខែ​មីនា ។ លោក​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​នៃ​ភាគ​ខាង​ត្បូង​ខេត្ត Tây Ninh ដើម្បី​ព្យាបាល ក្រោយ​ត្រឡប់​មក​ប្រទេស​វៀតណាម​វិញ តាម​ច្រក​ព្រំដែន​ខេត្ត​ខាង​លើ​នេះ នៅ​ថ្ងៃ​ទី ១៩ ខែ​មីនា ។ ក្រោយ​ពី​យក​សំណាក​ទៅ​ពិនិត្យ ខាង​មន្ទីរ​ប៉ាស្ទ័រ​ប្រចាំ​ក្រុង​ហូជីមិញ បាន​បញ្ជាក់​ថា លោក​មាន​វិជ្ជមាន​លើ​វីរុស COVID-19 ។

ចំពោះ​ករណី​ថ្មី ១ ទៀត គឺ​ជា​ស្ត្រី​ជនជាតិ​វៀតណាម វ័យ ២៣ ឆ្នាំ​ម្នាក់ ដែល​រស់​នៅ​ក្នុង​ខេត្ត An Giang ។ នាង​ធ្លាប់​បាន​ធ្វើ​ការ​នៅ​ក្នុង​កាស៊ីណូ Galaxy Casino ក្នុង​ប្រទេស​កម្ពុជា ប្រមាណ​ជា ២ សប្ដាហ៍​មុន រួច​ក៏​វិល​ត្រឡប់​មក​ប្រទេស​វៀតណាម​វិញ តាម​ច្រក​ព្រំដែន​ខេត្ត Tây Ninh នៅ​ក្នុង​ថ្ងៃ​ទី ១៩ ខែ​មីនា​កន្លង​ទៅ​នេះ ។

ខាង​បុគ្គលិក​ពេទ្យ​តាម​ច្រក​ព្រំដែន បាន​រក​ឃើញ​ថា នាង​មាន​អាការៈ​ក្ដៅ​ខ្លួន ក្អក និង​ពិបាក​ដក​ដង្ហើម ទើប​ធ្វើ​ការ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ខេត្ត​ដើម្បី​ធ្វើ​ការ​ពិនិត្យ​តាមដាន ។ ក្រោយ​មក​ក៏​ធ្វើ​តេស្ត​រក​ឃើញ​វិជ្ជមាន​ដូច​គ្នា ៕

ប្រភព៖ vietnamnews

អត្ថបទដែលជាប់ទាក់ទង