ប្រទេស New Zealand នឹងមានការបិទទូទាំងប្រទេសក្នុងរយៈពេល ៤៨ ម៉ោង បន្ទាប់ពីករណីឆ្លងនៃវីរុសកូរ៉ូណាមានការរីករាលដាលខ្លាំងលើសពីរដង

ប្រទេស New Zealand លើកឡើងនៅថ្ងៃចន្ទទី ២៣ ខែមីនា ឆ្នាំ ២០២០ នេះថា នឹងមានការបិទទូទាំងប្រទេសនៅក្នុងរយៈពេល ៤៨ ម៉ោង បន្ទាប់ពីករណីឆ្លងនៃវីរុសកូរ៉ូណាមានការរីករាលដាលខ្លាំងលើសពីរដង ។លោកស្រីនាយករដ្ឋមន្រ្តី Jacinda Ardern បានឱ្យដឹងថា ការសម្រេចចិត្តនេះ ជាការដែលរិតត្បិតតឹងតែងបំផុតមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្រ្តនៃសម័យទំនើបកម្មនេះ ប៉ុន្តែវាជាការចាំបាច់ដែលត្រូវធ្វើដើម្បីរក្សាជីវិត និង កាត់បន្ថយកម្លាំងនៃវីរុស ។

លោកស្រី Ardern បាននិយាយនៅក្នុងសន្និសិទកាសែតថា “បច្ចុប្បន្ននេះយើងកំពុងតែរៀបចំឱ្យមានការដាក់ខ្លួនឱ្យនៅឆ្ងាយពីគ្នាទូទាំងប្រទេស បើពុំដូច្នេះទេអាចនឹងមានមនុស្សស្លាប់រហូតដល់មួយម៉ឺននាក់”

យ៉ាងណាមិញ គ្រាន់តែមានការចេញសេចក្តីប្រកាសពីរដ្ឋាភិបាលភ្លាម ប្រជាជនបាននាំគ្នាសម្រុកទៅទិញអីវ៉ាន់នៅតាមបណ្តាផ្សារនានាៗយ៉ាងណែនណាន់តាន់តាប់ ។ បន្ទាប់ពីនោះ ភ្នាក់ងារនគរបាលនឹងនៅឃ្លាំមើលតាមបណ្តាផ្លូវនានាទូទាំងប្រទេស ដើម្បីធានាថា គ្មានប្រជាជនណាម្នាក់ដើរចេញទៅក្រៅផ្តេសផ្តាសនោះឡើយ ។

សូមបញ្ជាក់ថា ករណីឆ្លងនៅក្នុងប្រទេសនេះបានកើនឡើងពី ១០២ ទៅរាប់រយដែលច្រើនជាងពីរដងតាំងពីថ្ងៃសុក្រ ប៉ុន្តែមិនទាន់មាននរណាម្នាក់ស្លាប់នៅឡើយទេ ។ ទោះបីជាយ៉ាងណាក៏ដោយ ការឆ្លងនៅក្នុងប្រទេសដែលមានការរីករាលដាលយ៉ាងឆាប់រហ័សបែបនេះគឺភាគច្រើនដោយសារតែការនាំចូលនៃវីរុសនេះពីក្រៅប្រទេស ៕

ប្រភព៖ CNA

អត្ថបទដែលជាប់ទាក់ទង