មនុស្ស៣នាក់បានរងរបួស ក្នុងហេតុការណ៍ផ្ទុះគម្របស៊ីទែនស្តុកប្រេងឥន្ទនៈក្រោមដីមួយក្នុង ស្ថានីយ៍មួយកន្លែងបង្កជាអណ្តាតភ្លើងផ្អើលអស់អ្នកជិតខាង

បន្ទាយមានជ័យ៖ មនុស្ស៣នាក់បានរងរបួស ក្នុងហេតុការណ៍ផ្ទុះគម្របស៊ីទែនស្តុកប្រេងឥន្ទនៈក្រោមដីមួយក្នុង

ស្ថានីយ៍មួយកន្លែងបង្កជាអណ្តាតភ្លើងផ្អើលអស់អ្នកជិតខាង និងសមត្ថកិច្ច កាលពីវេលាម៉ោង៣និង៥០នាទី រសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០ ស្ថិតក្នុងភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ឯក ប៊ុន ផេង ស្នងការរង ទទួលផែនគ្រប់គ្រងអាវុធជាតិផ្ទះ អគ្គីភ័យបានឲ្យដឹងថា  ក្រោយពីកើតហេតុផ្ទុះគម្របស៊ីទែនស្តុកប្រេងឥន្ទនៈក្រោមដីក្នុងស្ថានីយ៍មួយកន្លែងដែលមានម្ចាស់ឈ្មោះ ជា លី ភេទប្រុស អាយុ៦៨ឆ្នាំ នៅភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បង្កចេញជាអណ្តាតភ្លើងភ្លាមនោះ លោកបានដឹកនាំកងកម្លាំងនគរបាលជំនាញពន្លត់អគ្គីភ័យនាំយករថយន្តពន្លត់អគ្គីភ័យ១គ្រឿង និងកម្លាំងនគរបាលក្រុងសិរីសោភ័ណ សហការជាមួយកងកម្លាំងកងរាជអាវុធហត្ថ និងកម្លាំងប្រតិបតិ្តការសិករងខេត្ត ចុះជួយអន្តរាគមន៍ជួយពន្លត់ភ្លើង និងជួយសង្រ្គោះអ្នករងរបួសចំនួន៣នាក់យកទៅសង្រ្គោះនៅមន្ទីរពេទ្យ មាន ១/-ឈ្មោះ គឺម ផ្លា ភេទប្រុស អាយុ៤៩ឆ្នាំ, ២/-ឈ្មោះ ឌុច ចាន់ហេង ភេទប្រុស អាយុ២០ឆ្នាំ ទាំង២នាក់ ជាកូនប្រសាររបស់ម្ចាស់ស្ថានីយ៍ និង៣/-ឈ្មោះ សាន វីរៈពីទូ ភេទប្រុស អាយុ១២ឆ្នាំ ​ត្រូវជាចៅ ។

លោកវរសេនីយ៍ឯក ប៊ុន ផេង បានបញ្ជាក់ថា តាមការសាកសួរជុំវិញករណីផ្ទុះគម្របស៊ីទែននេះ នៅមុនពេលកើតហេតុនោះកូនប្រសាររបស់ឈ្មោះ គឹម ផល្លា និងចៅប្រុសឈ្មោះ ឌុច ចាន់ហេង បានបូមប្រេងពីឡានដឹកប្រេងដាក់ក្នុងស៊ីទែនស្តុបប្រេងក្រោម ពេលដែលកំពុងបូមស្រាប់តែឮសម្លេងផ្ទុះចេញពីម្ខាងរបងហើយខ្ទាតផ្កាភ្លើង ឆាបក្លាយជាអណ្តាតភ្លើង និងបណ្តាលឲ្យផ្ទុះស៊ីទែនប្រេងក្រោមដីដែលកំពុងបញ្ជូលប្រេង ភ្លាមនោះកូនប្រសាររបស់គាត់ឈ្មោះ ផល្លា បានរត់ទៅបិតក្បាលរ៉ូមីនេប្រេងដើម្បីកុំឲ្យឆាបឆេះកាន់តែខ្លាំង និងប្រើបំពង់ឧស្ម័នបាញ់ពន្លត់បាញ់ រហូតរងរបួសខ្លួនឯងធ្ងន់ធ្ងរ និងរបួសកូនប្រុសម្នាក់ទៀតឈ្មោះ ហេង ហើយនិងចៅប្រុសម្នាក់ឈ្មោះ សាន វីរៈពីទូ ត្រូវបានបញ្ជូនទៅព្យាបាលនៅគ្លីនិកឯកជន តែដោយអាការៈរបួសធ្ងន់ធ្ងរក៏បន្តបញ្ជូនទៅមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា ជប៉ុន នៅស្រុកមង្គលបូរី ។

ក្នុងហេតុការណ៍ខាងគ្រោះអគ្គីភ័យនេះ ត្រូវបានបាញ់ទឹកពន្លត់អស់១រថយន្តទើបគ្រប់គ្រងស្ថានការន៍នោះបាន មិនបង្ករាលដាលទៅផ្ទះអ្នកជិតខាង។ចំពោះមូលហេតុបង្កឲ្យមានការផ្ទុះគម្របស៊ីទែនស្តុកប្រេងនេះគឺបណ្តាល​មកពីការធ្វេសប្រហែសរបស់ម្ចាស់ស្ថានីយ៍ ដែលគ្រប់គ្រងប្រេងស្តុកនោះខ្វះលក្ខណៈបច្ចេកទេស៕

អត្ថបទដែលជាប់ទាក់ទង