សម្តេចតេជោ ហ៊ុន សែន បានចេញ នូវវិធានការដោះស្រាយបន្ទាន់ ចំពោះការត្រៀម និងបញ្ហាប្រឈមនឹងជំងឺកូវីដ-១៩

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០នេះ តាមរយៈសារជាសំឡេងក្នុងបណ្តាញសង្គមតេលេក្រាម (telegram) សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលនៃប្រទេសកម្ពុជា បានចេញ នូវវិធានការដោះស្រាយបន្ទាន់ ចំពោះការត្រៀម និងបញ្ហាប្រឈមនឹងជំងឺកូវីដ-១៩។

នៅក្នុងសារសំឡេងនោះ សម្តេចតេជោ បានជម្រាបជូនថ្នាក់ដឹកនាំក្នុងគ្រុបប្រឆាំងកូវីដ-១៩ ហើយក៏ដូចជាពិសេស គឺអភិបាលខេត្ត ដែលជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងកូវីដ-១៩ នៅតាមខេត្តថា «យើងបានឃើញហើយថា អ្នកជំងឺរបស់យើងជួនកាលកន្លែងខ្លះមានការកើនឡើង ដូចជា នៅខេត្តព្រះសីហនុជាដើម អ៊ីចឹងបើកើតឡើងរបៀបនេះ ធ្វើឲ្យកន្លែងដែលយើងទទួល គឺវាមិនគ្របគ្រាន់ទេ។ អ៊ីចឹងខ្ញុំបានពិភាក្សាជាមួយនឹងឯកឧត្តម ម៉ម ប៊ុនហេង យើងត្រូវប្រើប្រាស់សាលារៀន ហើយខ្លះមានអ្នកជូនយោបល់ខ្ញុំថា ឲ្យយកកុងទីន័ររមកកែច្នៃធ្វើជាបន្ទប់ ប៉ុន្តែគឺវាមិនល្អទេ អ៊ីចឹងខ្ញុំគិតថា ត្រូវប្រើប្រាស់សាលារៀន ហើយសាលារៀនដែលខ្ញុំបានធ្វើកន្លងមកគឺស្អាតៗណាស់ គឺនៅទីរួមខេត្ត និងកន្លែងមួយចំនួន គឺយើងយកសាលារៀនតែម្តង អ្វីដែលជាបញ្ហាបន្ទាន់ គឺត្រូវជ្រើសរើសទីតាំងណាមួយឬពីរ ក្នុងខេត្តមួយ ហើយគឺថានិងរៀបចំប្រព័ន្ធទឹក ភ្លើង ចូលឲ្យដល់ជាបន្ទាន់ នេះជាកិច្ចការបន្ទាន់នៅតាមខេត្តត្រូវយកចិត្តទុកដាក់»។

សម្តេចតេជោ ហ៊ុន សែន បានបន្តទៀតថា «រាជធានីភ្នំពេញមិនជាចំណោទទេ ដោយសារយើងមាន មន្ទីរពេទ្យរុស្ស៊ី ហើយអគារនៅចាក់អង្រែ ហើយក្រៅពីនោះ នៅមន្ទីរពេទ្យ UT ហើយនឹងសណ្ឋាគារអាំងទែកុងទីណង់តាល់ហើយ មិនជាចំណោទទេ ប៉ុន្តែអ្វីដែលជាចំណោទ គឺនៅតាមបណ្តាខេត្ត ដែលត្រូវធ្វើបន្ទាន់ ដោះស្រាយធ្វើមិចត្រូវជ្រើសរើសសាលារៀនដែលយើងកំពុងតែបិទ យកអគារមួយឬពីរ គឺឲ្យមានច្រើនបន្ទប់ រៀបចំបន្ទប់ រៀបចំគ្រែ ដើម្បីដំណើរការតែម្តង ដោយប្រើប្រាស់កម្លាំងសរុប ដែលអាចយកទាំងកម្លាំងប៉ូលីស កម្លាំងទាហាន និងប៉េអឹមដើម្បីយកមកជួយការងារនេះតែម្តង»។ ជាមួយគ្នានោះ សម្តេចបានបញ្ជាក់ពីការសម្រុកដោះស្រាយបញ្ហាតនោះ គឺភ្ជាប់ប្រព័ន្ធទឹក ប្រព័ន្ធភ្លើង ចូលទៅក្នុងសាលាតែម្តង ហើយរៀបចំគ្រែ ដោះស្រាយគ្រែ ដើម្បីដាក់សម្រាប់ទទួលអ្នកជំងឺដែលយើងត្រូវមានការចំបាច់ នេះជាវិធីដែលដោះស្រាយបន្ទាន់ ហើយយើងមានអគារស្រាប់ទាំងអស់ មិនចាំបាច់ដូចនៅប្រទេសចិនគេកសាងអគារភ្លាមៗ ដែលយើង គឺមិនចំបាច់ទេ គឺយើងយកអគារសាលារៀនតែម្តង បន្ទប់សាលារៀនដែលយើងបានធ្វើកន្លងទៅស្អាតៗណាស់ ហើយរឿងដែលខ្វះ គឺថាខ្វះតែបន្ទប់ទឹកទេ ប៉ុន្តែបើនិយាយពីសាលាមានកន្លែងខ្លះ គឺមានបន្ទប់ទឹក ប៉ុន្តែបណ្តាញទឹកដែលត្រូវផ្គត់ផ្គង់ គឺវាត្រូវឲ្យគ្រប់ ដែលត្រូវខិតខំដោះស្រាយបញ្ហានឹងបន្ទាន់។

បន្ថែមលើសពីនោះ សម្តេចតេជោ បានអំពាវនាដល់ថ្នាក់ខេត្ត ត្រូវយកចិត្តទុកដាក់អំពីបញ្ហានេះ ព្រោះដើម្បីជៀសវាង គឺនៅពេលមានអ្នកជំងឺច្រើន យើងមិនអាចរកកន្លែងដាក់បាន តែយើងបានត្រៀមបម្រុងទុកហើយ។

សម្តេចនាយករដ្ឋមន្ត្រី បានស្នើដល់ថ្នាក់ខេត្ត លោក ម៉ម ប៊ុនហេង ក៏ដូចជាថ្នាក់ដឹកនាំក្រសួង ចូលរួមផ្តល់មតិបន្ថែមទៅឲ្យសុខាភិបាលខេត្ត រួមជាមួយនឹងគណៈអភិបាល ដើម្បីពិនិត្យទៅថា គួរយកកន្លែងណាដែលសមស្រប យើងមិនមែនចេះតែដើរយកទេ គឺយកកន្លែងណាដែលសមស្រប ដែលមានលទ្ធភាព ហើយដែលមិនអាចរីករាលដាលទៅកន្លែងដទៃ៕

អត្ថបទដែលជាប់ទាក់ទង