ក្រុមហ៊ុនអាកាសចរណ៍ Emirates បានប្រកាសថានឹងផ្អាក ជើងហោះហើរ ដឹកអ្នកដំណើរទាំងអស់នៅជុំវិញពិភពលោកជាបណ្តោះអាសន្ន

(អន្តរជាតិ)៖ យោងទៅតាមទីផ្នាក់ងារសារព័ត៌មានអន្តរជាតិ Channel News Asia នាព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០នេះ បានឲ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍ Emirates បានប្រកាសថានឹងផ្អាក ជើងហោះហើរ ដឹកអ្នកដំណើរទាំងអស់នៅជុំវិញពិភពលោកជាបណ្តោះអាសន្ន ដោយសារការរាតត្បាតនៃ COVID-19 បានបង្ខំឲ្យប្រទេសជាច្រើននាំគ្នាបិទព្រំដែន។

បើយោងតាមលោក Sheikh Ahmed Saeed Al Maktoum ដែលជានាយកប្រតិបត្តិក្រុមហ៊ុន Emirates Group បានលើកឡើងថា COVID-19 មានផលប៉ះពាល់យ៉ាងអវិជ្ជមានជាខ្លាំងដល់ក្រុមហ៊ុនអាកាសចរណ៍នានា ជាពិសេសកំឡុង០៦សប្តាហ៍ចុងក្រោយនេះ។

លោកបានបន្ថែមទៀតថា ចំពោះមុខស្ថានការណ៍លំបាកនាពេលបច្ចុប្បន្ន គឺអាកាសចរណ៍ Emirates មិនអាចធ្វើប្រតិបត្តិការដឹកអ្នកដំណើរ ដោយជោគជ័យបានទៀតឡើយ រហូតទាល់តែប្រទេសនានានាំគ្នាបើកព្រំដែនពួកគេឡើងវិញ ហើយអ្នកទាំងអស់គ្នាមានទំនុកចិត្ត សាជាថ្មីវិញលើការធ្វើដំណើរ។

សូមបញ្ជាក់ផងដែរថា ប្រតិបត្តិការជើងហោះហើរដឹកអ្នកដំណើររបស់អាកាសចរណ៍ Emirates នឹងត្រូវផ្អាកជុំវិញពិភពលោកចាប់ពី ថ្ងៃទី២៥ ខែមីនា តទៅ រហូតទាល់តែមានការជូនដំណឹងជាថ្មី។ ចំណែកឯ ជើងហោះហើរដឹកជញ្ជូនទំនិញវិញ ដែលនៅតែមាន ភាពមមាញឹកដដែលនោះ នឹងបន្តប្រតិបត្តិការជាធម្មតា ដោយពុំមានការប៉ះពាល់អ្វីឡើយ៕

អត្ថបទដែលជាប់ទាក់ទង