ឆក់ចំថ្ងៃស៊យ! ចោរឆក់ទូរស័ព្ទពីនារីម្នាក់បានសម្រេច ជិះរត់ទៅជួបកម្លាំងល្បាតប៉ុស្តិ៍ស្ទឹងមានជ័យ ចាប់បានម្នាក់ រត់បាត់ម្នាក់

រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក២នាក់ ត្រូវបានកម្លាំងប៉ូលិសប៉ុស្តិ៍ស្ទឹងមានជ័យ៣ ធ្វើការឃាត់ខ្លួនបាន ក្រោយពីធ្វើសកម្មភាពឆក់ទូរស័ព្ទពីនារីរងគ្រោះ បានសម្រេច ហើយជិះគេចខ្លួន តែជនរងគ្រោះជិះដេញតាមស្រែក ចោរៗ រហូតមកជួបកម្លាំងល្បាតចេញជួយអន្តរាគមន៍តែម្ដង តែបក្ខពួកម្នាក់ទៀត បានរត់គេចខ្លួនបាត់ទៅហើយ ។

ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង០៧:១៥នាទីយប់ ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២០ នៅចំណុចតាមផ្លូវឌួងងៀប ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

លោកវរសេនីយ៍ត្រី ឯម ភារី នាយប៉ុស្តិ៍ស្ទឹងមានជ័យបានអោយដឹងថា ជនសង្ស័យដែលឃាត់ខ្លួនបានមានឈ្មោះ សុវណ្ណ ចាន់រ៉ាឌី អាយុ២០ឆ្នាំមុខរបរកម្មករសំណង់ ស្នាក់នៅផ្ទះជួលភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ ។ ចំណែកបក្ខពួកម្នាក់ទៀតបានរត់គេចខ្លួនបាត់។ រីឯនារីរងគ្រោះឈ្មោះ សុខអ៉ីម អាយុ២០ឆ្នាំ មុខរបរសិស្ស ស្នាក់នៅផ្ទះជួល ក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ។ សមត្ថកិច្ចបានចាប់ដកហូតវត្ថុតាងរួមមាន ៖ ម៉ូតូមួយគ្រឿង Honda Beat ពណ៌សលាយខៀវ ពាក់ស្លាកលេខភ្នំពេញ 1P-3090 ជាមធ្យោបាយធ្វើសកម្មភាព និងទូរស័ព្ទរបស់រងគ្រោះចំនួន១គ្រឿង ហើយបានប្រគល់ទូរស័ព្ទទៅឱ្យនារីរងគ្រោះវិញ។

បើតាមសម្ដីនារីរងគ្រោះបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុនារីរងគ្រោះ បានជិះម៉ូតូមួយគ្រឿង ម៉ាកធូដេ ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 1-6986 ចេញពីការ៉ាសសាំងមួយកន្លែង នៅតាមផ្លូវឌួងងៀប ក្នុងទិសដៅពីជើងមកត្បូង លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានជនសង្ស័យ២នាក់ ជិះម៉ូតូមួយគ្រឿង ម៉ាក Honda Beat ពណ៌សលាយខៀវ ពាក់ស្លាកលេខភ្នំពេញ 1P-3090 មកពីក្រោយ បានធ្វើសកម្មភាពឆក់ទូរស័ព្ទពីហោប៉ៅអាវរបស់នាង ហើយជិះរត់គេចខ្លួន ភ្លាមនោះនាងក៏បានជិះតាមពីក្រោយ និងស្រែកថា ចោៗ ផ្អើលដល់អ្នកធ្វើដំណើរតាមផ្លូវ ជួយដេញតាមពីក្រោយដែរ រហូតមកដល់ផ្លូវវេងស្រេង ក៏ជួបកម្លាំងល្បាតប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី៣ កំពុងល្បាតទប់ស្កាត់បទល្មេីស និងការពារសន្តិសុខជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក៏ចេញជួយអន្តរាគមន៍ដេញចាប់បានជនសង្ស័យម្នាក់ ចំណែកឯម្នាក់ទៀត បានរត់គេចខ្លួនបាត់ស្រមោល ។

បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាងត្រូវបានសមត្ថកិច្ចប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី៣ បានកសាងសំណុំរឿងបញ្ជូនទៅកាន់អធិការដ្ឋានខណ្ឌមានជ័យចាត់ការបន្ត។ ចំណែកបក្ខពួកម្នាក់ទៀតសមត្ថកិច្ចកំពុងតែធ្វេីការស្រាវជ្រាវរកចាប់ខ្លួនមកផ្តន្ទាទោសតាមច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង