លោក គួច ចំរើន៖ ជនជាតិខ្មែរ៣នាក់ និងជនជាតិបារាំង ៣៤នាក់ ដែលទាក់ទងជាមួយបុរសបារាំងឆ្លង COVID-19 ពីរនាក់ នៅខេត្តព្រះសីហនុ ត្រូវបានយកទៅទុកដាច់ដោយឡែក និងរង់ចាំលទ្ធផលការធ្វើតេស្ត

ព្រះសីហនុ៖ អាជ្ញាធរ និងមន្ត្រីសុខាភិបាល បានយកបុរសជនជាតិខ្មែរ៣នាក់ និងជនជាតិបារាំង ៣៤នាក់ ដែលមានទំនាក់ទំនងជាមួយបុរសវ័យចំណាស់ជនជាតិបារាំង២នាក់ ឆ្លង COVID-19 នៅខេត្តព្រះសីហនុ ទៅទុកដាក់ដាច់ដោយឡែកក្នុងសណ្ឋាគារមួយ រហូតដល់រយៈពេល១៤ថ្ងៃ ព្រមទាំងបានយកសំណាករបស់ពួកគេទៅធ្វើតេស្ត នៅវិទ្យាស្ថានប៉ាស្ព័រកម្ពុជា ហើយកំពុងរង់ចាំលទ្ធផល នៃមេរោគមួយនេះ ។

ចំណាត់ការបែបនេះបានធ្វើឡើងភ្លាមៗ ក្រោយពីបុរសជនជាតិបារាំង ម្នាក់អាយុ៦៧ឆ្នាំ និងម្នាក់ទៀតអាយុ ៨០ឆ្នាំ ជាអ្នកទេសចរណ៍ទៅលេងនៅខេត្តព្រះសីហនុ ត្រូវបានក្រសួងសុខាភិបាល អះអាងថា មានផ្ទុក COVID-19 នៅយប់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២០។

លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានបញ្ជាក់ឲ្យដឹងថា ក្រោយការស្រាវជ្រាវ និងសួរនាំរួចមក ជនជាតិបារាំង ចំនួន៣៦នាក់ បានធ្វើដំណើរមកដល់ខេត្តសៀមរាប កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០។ បន្ទាប់មកពួកគេបានធ្វើដំណើរកម្សាន្ត តាមរថយន្ត ជាមួយមគ្គុទេសក៍ទេសចរណ៍ ២នាក់ និងអ្នកបើក រថយន្តម្នាក់ទៀត ជាជនជាតិខ្មែរ ឆ្ពោះមកខេត្តព្រះសីហនុ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០។

លោក គួច ចំរើន បានបញ្ជាក់ទៀតថា ក្រោយបុរសជនជាតិបារាំង២នាក់ ដែលរកឃើញផ្ទុកមេរោគ COVID-19 នោះ អាជ្ញាធរ និងមន្ត្រីចត្តាឡីស័ក បានចាប់ផ្តើមនាំមនុស្សទាំង ៣៧នាក់ ជនជាតិ បារាំង ៣៤នាក់ និងជនជាតិខ្មែរ ៣នាក់ យកទៅទុកដាច់ដោយឡែកក្នុងសណ្ឋាគារមួយ ដើម្បីតាមដានសុខភាព និងរង់ចាំលទ្ធផលនៃការធ្វើតេស្តរកវីរុស COVID-19 បន្តទៀត។

សូមបញ្ជាក់ថា នៅព្រឹកថ្ងៃនេះ ក្រសួងសុខាភិបាល បានប្រកាសថា ស្ត្រីជនជាតិអង់គ្លេស អាយុ៦៥ឆ្នាំម្នាក់ ដែលជាអ្នកដំណើរមកពីនាវា Viking Cruise Journey នៅខេត្តកំពង់ចាម បានជាសះស្បើយពីជំងឺ កូវីដ-១៩ ក្រោយពីធ្វើតេស្តអវិជ្ជមាន២ដង ហើយនឹងអនុញ្ញាតឲ្យចេញពី មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ នៅថ្ងៃអាទិត្យ ទី២២ ខែមីនា ២០២០នេះហើយ ។

គិតត្រឹមយប់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២០ម្សិលមិញនេះ កម្ពុជា បានរកឃើញអ្នកឆ្លងជំងឺCOVID-19 ថ្មីចំនួន២នាក់បន្ថែមទៀត ដែលធ្វើឱ្យចំនួនអ្នកឆ្លងសរុបនៅក្នុងប្រទេសកម្ពុជា បានកើនដល់៥៣នាក់ (ស្រ្តី៤នាក់ ប្រុស៤៩នាក់) ក្នុងនោះមានជនជាតិខ្មែរ២៩នាក់ និងជនបរទេស២៤នាក់៕

អត្ថបទដែលជាប់ទាក់ទង