ក្រសួងសុខាភិបាលបានប្រកាសថា ស្រ្តីជនជាតិអង់គ្លេសម្នាក់បានជាសះស្បើយពីជំងឺ កូវីដ-១៩ ក្រោយពីធ្វើតេស្តអវិជ្ជមាន២ដង ហើយនឹងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យនៅថ្ងៃនេះហើយ

ភ្នំពេញ៖ ក្រសួងសុខាភិបាល បានប្រកាសថា ស្ត្រីជនជាតិអង់គ្លេស អាយុ៦៥ឆ្នាំម្នាក់ ដែលជាអ្នកដំណើរមកពីនាវា Viking Cruise Journey នៅខេត្តកំពង់ចាម បានជាសះស្បើយពីជំងឺ កូវីដ-១៩ ក្រោយពីធ្វើតេស្តអវិជ្ជមាន២ដង ហើយនឹងអនុញ្ញាតឲ្យចេញពី មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ នៅថ្ងៃអាទិត្យ ទី២២ ខែមីនា ២០២០នេះហើយ ។

សូមបញ្ជាក់ថា នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២០នេះ កម្ពុជា បានរកឃើញអ្នកឆ្លងជំងឺCOVID-19 ថ្មីចំនួន២នាក់បន្ថែមទៀត  ដែលធ្វើឱ្យចំនួនអ្នកឆ្លងសរុបនៅក្នុងប្រទេសកម្ពុជា បានកើនដល់៥៣នាក់ (ស្រ្តី៤នាក់ ប្រុស៤៩នាក់) ក្នុងនោះមានជនជាតិខ្មែរ២៩នាក់ និងជនបរទេស២៤នាក់។

បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល បានឱ្យដឹងថា ករណីថ្មីនេះ មានជនជាតិបារាំង២នាក់ ជាអ្នកទេសចរណ៍នៅខេត្តព្រះសីហនុ មានមេរោគរលាកសួតថ្មី COVID-19។ បុរសជនជាតិបារាំង ដែលឆ្លងជំងឺកូវីដ១៩ ទាំង២នាក់នេះ ត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ៕

អត្ថបទដែលជាប់ទាក់ទង