រថយន្តព្រុស៣គ្រឿងបុកគ្នាពេញមួយទំហឹង បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ នៅក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក

ភ្នំពេញ៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តព្រុស៣គ្រឿង បុកគ្នាពេញមួយទំហឹង បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ និងសមត្ថកិច្ច ចុះមកធ្វើការពិនិត្យ ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១២ និង៥០នាទី ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវ៣៣៥ នៅក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញ រថយន្តព្រុស ពណ៌ខ្មៅ មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2BD-2420 ធ្វើដំណើរតាមបណ្ដោយផ្លូវ៣៣៥ ក្នុងទិសដៅពីជើងមកត្បូង ខណៈមកដល់ចំណុចកើតហេតុ ក៏មានរថយន្តព្រុស ពណ៌ស មួយគ្រឿងទៀត ពាក់ស្លាកលេខ ភ្នំពេញ 2AU-8305 ដែលកំពុងចតចោល រួចក៏បានបើកចេញ ត្រូវរថយន្តព្រូស ពណ៌ខ្មៅ បើកមកបុកចំចំហៀងរថយន្តពេញទំហឹង បណ្តាលឲ្យរងការខូចខាត ហើយភ្លាមៗនោះ រថយន្តព្រូស ពណ៌ស ខាងលើ ក៏ជ្រុលទៅបុកនឹងរថយន្តព្រូសមួយគ្រឿងទៀត ដែលកំពុងចតចោល ពាក់ស្លាកលេខ ភ្នំពេញ2AH-9136 ដែលបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ។

សូមបញ្ជាក់ផងដែរថាក្នុងករណីខាងលើនេះមិនមានអ្នករងរបួសនោះទេ គ្រាន់តែរងការខូចខាតទៅលើរថយន្តតែប៉ុណ្ណោះ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ជើងគោក នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក ក៏បានចុះមកដល់ត្រង់ចំណុចកើតហេតុខាងលើ យករថយន្តទាំង៣គ្រឿងមកកៀន ដើម្បីឲ្យម្ចាស់ចរចារគ្នាបញ្ចប់រឿងផងដែរ៕

អត្ថបទដែលជាប់ទាក់ទង