អគ្គិភ័យបានលេបត្របាក់រោងម៉ាស៊ីនសម្ងួតស្រូវ បណ្តាលឲ្យឆេះឡសម្ងួតស្រូវនៅក្នុងរោងម៉ាស៊ីន និងធ្វើឲ្យខូចខាតអស់ស្រូវចំនួនប្រហែល២០តោន

(បាត់ដំបង)៖ អគ្គិភ័យបានលេបត្របាក់រោងម៉ាស៊ីនសម្ងួតស្រូវមួយកន្លែង កាលពីយប់ថ្ងៃទី២០ ខែមីនា ឆ្នាំ ២០២០ ស្ថិតនៅក្រុមទី០១ ភូមិកៀនកែស០១ ឃុំគោគឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង។

សមត្ថកិច្ចបានឲ្យដឹងថា គ្រោះអគ្គិភ័យនេះ បណ្តាលឲ្យឆេះឡសម្ងួតស្រូវនៅក្នុងរោងម៉ាស៊ីនមួយកន្លែង និងធ្វើឲ្យខូចខាតអស់ស្រូវចំនួនប្រហែល២០តោន ដែលមានម្ចាស់ឈ្មោះ គឹម សាវុធ ភេទប្រុស រស់នៅក្នុងចំណុចកើតហេតុខាងលើ។

នៅក្នុងហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះដែរ មិនបណ្តាលឲ្យមានអ្នកណាម្នាក់រងរបួសឡើយ ដោយភ្លាមៗនោះកម្មកររោងម៉ាស៊ីនបានប្រើប្រាស់បំពង់ពន្លត់អគ្គីភ័យចំនួន១០បំពង់ និងរថយន្តពន្លត់អគ្គិភ័យរបស់អធិការស្រុកចំនួន ០១គ្រឿង ជួយអន្តរាគមន៍បាញ់ពន្លត់ទើបអាចគ្រប់គ្រងបានទាន់ពេលវេលា។ ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញ បានធ្វើការសាកសួរជុំវិញករណីអគ្គិភ័យខាងលើ ទើបដឹងថា មូលហេតុនៃការឆេះ គឺបណ្តាលមកពីឡឡើងកំដៅខ្លាំង ធ្វើឲ្យអណ្តាតភ្លើងឆាបឆេះស្រូវតែម្តង៕

អត្ថបទដែលជាប់ទាក់ទង