ទ​ន្ទឹមនឹងភ័យឆ្លងកូវីដ១៩ ប្រជាពលរដ្ឋក៏ត្អូញត្អែរផលប៉ះពាល់លើមុខបរផ្សេងៗ

ក្នុង​អំឡុង​ពេល​ដែល​ប្រទេស​កម្ពុជា​កំពុង​រីក​រាលដាល​វីរុសCOVID-19 រដ្ឋាភិបាល​បាន​សម្រេច​បិទ​កន្លែង​សាធារណៈ​មួយ​ចំនួន​ធំ​ដូច​ជា​សាលារៀន រោង​ភាព​យន្ត KTV ឬ​កន្លែង​កម្សាន្ត​នា​នា​ដែល​ជាទីប្រមូលផ្តុំមនុស្សច្រើន​។

ទន្ទឹម​នឹង​ភាព​ភ័យ​ខ្លាច​ក្នុង​ការ​ឆ្លង​វីរុស COVID-19 ប្រជាពលរដ្ឋ​មួយ​ចំនួន​បាន​បង្ហាញ​ការ​ព្រួយ​បារម្ភ​ចំពោះ​ចំណូល​ផ្ទាល់​ខ្លួនដោយ​សារ​តែ​ការរាលដាលវីរុស COVID-19​​។

– លោក រុន អ្នក​រត់​តាក់ស៊ី​ពី​ខេត្ត​កំពង់ចាម​ទៅ​ខេត្ត​ក្រចេះ​ម្នាក់​បាន​បញ្ជាក់​ថា ពេល​ដែល​មិន​ទាន់​មាន​ការ​រាលដាល​ជំងឺ COVID-19 ការ​រកស៊ី​របស់​លោក​កាក់​កប​ណាស់ មួយ​ថ្ងៃៗ​មាន​ភ្ញៀវ​ដឹក​ពេញៗ​ឡាន​ស្ទើរ​គ្មាន​កន្លែង​អង្គុយ តែ​មួយ​រយៈ​ពេល​នេះ​ពិបាក​រក​ភ្ញៀវ​ណាស់។ នៅ​ពេល​ដែល​ស្ងាត់​ភ្ញៀវ​បែប​នេះ លោក​ពិបាក​ក្នុង​រកចំណូល​ផ្គត់ផ្គង់​គ្រួសារ ព្រោះ​រកស៊ី​រាល់ថ្ងៃ​បាន​សម្រាប់​តែ​ការ​ចាយ​វាយ​ប្រចាំ ហើយ​លោក​នៅ​មាន​បន្ទុក​ផ្សេងៗ​ទៀត​ត្រូវ​រ៉ាប់រង។

-​ ​អ្នក​លក់​បាយ​នៅ​ក្រោយ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត បងស្រី សុភី ឲ្យ​ដឹង​ថា សព្វ​ថ្ងៃ​ការ​រកស៊ី​មិន​បាន​ចំណេញ​ដូច​កាលពី​មុន​ទៀត​ទេ ពេល​ខ្លះ​សល់​ខាត​ទាំង​ចុង​ខាត​ទាំង​ដើម។ បងស្រី​បាន​ឲ្យ​ដឹង​ថា “ពី​មុន ​ធ្លាប់​លក់​ដាច់​បាន​៥០-៦០មុឺន​រៀល​/​ថ្ងៃ ប៉ុន្តែ​ឥឡូវ​លក់​មិន​បាន​ពាក់​កណ្តាល​ផង អ្នក​ទិញ​ភាគច្រើន​គេ​ខ្ចប់​ទៅ​ផ្ទះ ឯ​អ្នក​ញ៉ាំ​នៅ​កន្លែង​មាន​តិចតួច​បំផុត អូន​អើយ​មិន​ដឹង​ពឹង​អី​ទេ ដាច់​ខែ​ត្រូវ​បង់ធនាគារ​ទៀត​​”។

– អ្នក​លក់​គ្រឿង​សម្អាង​នៅ​ផ្សារ​ឯករាជ្យ​៣ ផ្លូវវេងស្រេង មិន​បញ្ចេញ​ឈ្មោះ​ម្នាក់ បាន​បញ្ជក់​ថា ជាទូទៅ​ គាត់​អាច​លក់​បាន​២០​មុឺន​ជាង​ក្នុង​ថ្ងៃ​ធម្មតា តែ​ក្នុង​អំឡុង​ពេល​នេះ​សូម្បី​តែ​១០​មុឺន​ក៏​ពិបាក​រក​ដាក់​កាបូប​ដែរ។​ ឥឡូវ​នេះ លក់​ដាច់​តែ​ផលិត​ផល ឬ​របស់​របរ​ដែល​គេ​ចាំបាច់​ប្រើ​ប៉ុណ្ណោះ ហើយ​នៅ​ក្នុង​ផ្សារ​ស្ទើរ​តែ​គ្មាន​មនុស្ស​ដើរ​ចេញ​ចូល​ផ្សារ​តែ​ម្តង។

– តាម​ប្រភព​មិន​បញ្ចេញ​ឈ្មោះ​ពី​អ្នក​បម្រើការ​ក្នុង KTV ម្នាក់​បាន​ឲ្យ​ដឹង​ថា ក្នុង​អំឡុង​ពេល​នេះ​ កន្លែង​ដែល​គាត់​ធ្វើ​ការ​ត្រូវ​បាន​រដ្ឋាភិបាល​ប្រកាស​ឲ្យ​បិទ​បណ្តោះ​អាសន្ន​ដើម្បី​ទប់ស្កាត់​វីរុស COVID-19 ដូចនេះ​ ​គាត់​ពិបាក​ក្នុង​ការ​រក​ប្រាក់​ចំណូល​ផ្គត់ផ្គង់​ខ្លួន​ឯង​ផង​ និង​គ្រួសារ​ផង។ ពេលនេះ ​គាត់​មាន​សម្ពាធ​ខ្លាំង ព្រោះ​ខ្វះខាត​ប្រាក់កាក់​ចាយ​វាយ ហើយ​ត្រូវ​បង់​ថ្លៃ​ផ្ទះ​ជួល និង​ចំណាយ​ប្រចាំ​ថ្ងៃ​ច្រើន​ទៀត ដូច​នេះ​មាន​តែ​រត់​ទៅ​ស្រុក​កំណើត​មួយ​រយៈ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។

អត្ថបទដែលជាប់ទាក់ទង