អាជ្ញាធរ​រាជធានី ​​​ទុក​ពេល​៤​សប្ដាហ៍​​ ​​ឲ្យ​ពលរដ្ឋ​​​​​រៀបចំ​រុះរើ ខ្សែកាប​អាកាស​នៅ​លើ​ផ្លូវជាតិ​លេខ​៤​ ឲ្យ​បាន​ស្អាត

ភ្នំពេញ​ ៖ ​អាជ្ញាធរ​រាជធានី​ភ្នំពេញ​ នឹង​ទុក​រយៈពេល​៤​សប្ដាហ៍​ដើម្បី​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ ម្ចាស់​អាជីវ​កម្មដ្ឋាន អង្គភាព​រដ្ឋ​ និង​បណ្ដា​​ក្រុមហ៊ុន​ឯកជន​នានា រៀបចំ​រុះរើ ខ្សែកាប​អាកាស​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤​ស្ថិតនៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ​និង​ខណ្ឌ​កំបូល​ក្នុង​ភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ ចាប់ពី​រង្វង់​មូល​ចោមចៅ​រហូតដល់​ព្រំប្រទល់​ខេត្ត​កណ្ដាល​ ចេញ​ឲ្យ​បាន​ស្អាត​ដោយ​ខ្លួនឯង។

នេះ​បើ​យោង​តាម​សេចក្ដី​ជូនដំណឹង​ស្ដីពី​ ការរៀបចំ​សណ្ដាប់ធ្នាប់​បណ្ដាញ​ខ្សែកាប​អាកាស​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤​ ស្ថិតនៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ និង​ខណ្ឌ​កំបូល​ក្នុង​ភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ ដែល​បាន​ចេញ​នា​ថ្ងៃ​ទី​២០ ខែ​មីនា ​ឆ្នាំ​២០២០​នេះ ដែល​ក្នុង​សេចក្ដី​ជូនដំណឹង​នេះ​ មានន័យ​ដើម​ទាំងស្រុង​ថា ​៖ ​រដ្ឋបាល​រាជធានី​ភ្នំពេញ​មាន​កិត្តិយស​សូម​ជូន​ដំណឹង​ដល់​បងប្អូន​ប្រជាពលរដ្ឋ ម្ចាស់​អាជីវ​កម្មដ្ឋាន អង្គភាព​រដ្ឋ​និង​បណ្ដាល​ក្រុមហ៊ុន​ឯកជន​ទាំងអស់​ឱ្យ​បាន​ជ្រាប​ថា «ដើម្បី​លើក​សោភ័ណភាព​រាជធានី​ភ្នំពេញ​ឲ្យ​កាន់តែ​ល្អ​ស្រស់បំព្រង​សក្ដិសម​ជា​បេះដូង​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ក្រុមការងារ​ចម្រុះ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ​នឹង​ធ្វើ​ការរៀបចំ​សណ្ដាប់ធ្នាប់​ បណ្ដាញ​ខ្សែ​កា​ប្លិ៍​អាកាស​នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤ ចាប់ពី​រង្វង់​មូល​ចោមចៅ​រហូតដល់​ព្រំប្រទល់​ខេត្ត​កណ្ដាល។

សេចក្ដី​ដូច​បាន​ជម្រាប​ខាងលើ សូម​បងប្អូន​ប្រជាពលរដ្ឋ ម្ចាស់​អាជីវ​កម្ម​ដ្ឋាន អង្គភាព​រដ្ឋ​ និង​បណ្ដា​ក្រុមហ៊ុន​ឯកជន​ទាំងអស់​ ដែល​កំពុង​ប្រើប្រាស់​បណ្ដាញ​ខ្សែ​កា​ប្លិ៍​អាកាស នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​៤​ខាងលើ ​សូម​ប្រញាប់​រួសរាន់​រៀបចំ​រុះរើ​ចេញ​ដោយ​ខ្លួនឯង​ក្នុង​រយៈពេល​៤​សប្ដាហ៍ ​គិត​ពី​ថ្ងៃ​ជូនដំណឹង​នេះ​តទៅ។

ជាមួយ​គ្នា​នេះ​ផង​ដែរ រដ្ឋបាល​រាជធានី​ភ្នំពេញ​សង្ឃឹម​ជឿជាក់​ថា បងប្អូន​ប្រជាពលរដ្ឋ​អង្គភាព​បណ្ដាញ​ក្រុមហ៊ុន​ឯកជន​ក៏ដូចជា​អ្នក​ពាក់ព័ន្ធ​ទាំង​អស់​ផ្ដល់​ការ​អធ្យាស្រ័យ​ និង​ចូលរួម​សហការ​អនុវត្ត​ឲ្យ​បាន​ម៉ឺងម៉ាត់​តាម​ខ្លឹមសារ​ខាង​លើ​នេះ ​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់៕

អត្ថបទដែលជាប់ទាក់ទង