អាជ្ញាធរគំាទ្រការលើកពេលរៀបការ បុណ្យទាននានា ខណៈវត្តមានកូវីដ-១៩ នៅកម្ពុជា និងអំពាវនាវដល់ម្ចាស់អាជីវកម្មជួលអគារ ចុងភៅ ភោជនីយដ្ឋានកុំយកប្រាក់ពីម្ចាស់កម្មវិធី

(ភ្នំពេញ)៖ ទំាងអាជ្ញាធរដែនដី និងមន្រ្តីសុខាភិបាល បានចាត់ទុកអ្នកលើកពេលរៀបការ លើកពេលជួបជុំក្នុងកម្មវិធីនានាថា បានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងទប់ស្កាត់ការរីករាលដាលកូវីដ-១៩។ ក្នុងការចូលរួមទប់ស្កាត់ការរាតត្បាតជំងឺកូវីដ-១៩នេះ មានអ្នកគ្រោងរៀបការ ធ្វើបុណ្យ និងរៀបចំកម្មវិធីជួបជុំនានា ដែលមានការចូលរួមមនុស្សច្រើននោះ បានលើកប្រកាសលើកពេលកម្មវិធីរបស់ខ្លួនជាបន្តបន្ទាប់។ ការប្រកាសភាគច្រើនត្រូវបានគេដឹង នៅលើបណ្តាញសង្គមហ្វេសបុក។ ពលរដ្ឋដែលបានប្រកាសលើកពេលរៀបការ ពិធីបុណ្យទាន បាននិយាយថា ការលើកពេលនោះ ដើម្បីចូលរូមការពារសុខភាពពលរដ្ឋខ្មែរ ពិសេសការពារសុខភាពចូលរួមកម្មវិធីរបស់ពួកគេ ដែលសុទ្ធសឹងជាមិត្ត ជាញាតិ ដូច្នេះបើមានការឆ្លងរោគពេលមកចូលរួមកម្មវិធីរបស់ពួកគេនោះ ពួកគេនឹងមានវិប្បដិសារី មិនខានឡើយ។

សារ៉ាក់ ដែលគ្រោងរៀបចំការនៅចុងខែមីនានេះ បានសរសេរនៅលើហ្វេសប៊ុករបស់គេថា “យើងខ្ញុំទំាងពីរ ព្រមទំាងឪពុកម្តាយទំាងសងខាង សូមខន្តីអភ័យទោស ដល់បងប្អូន ពូមីង ព្រមទំាងភ្ញៀវកិត្តិយសទំាងអស់ ឲ្យបានជ្រាបថា នៅថ្ងៃទី២៧ ខែមីនាខាងមុខនេះ ដែលជាថ្ងៃមង្គលរបស់យើងខ្ញុំទំាងពីរនាក់ ត្រូវពន្យារពេលលើកទៅថ្ងៃក្រោយដោយសារមេរោគកូវីដ-១៩ កំពុងរាតត្បាត។ រង់ចំាជំងឺនេះស្ងប់យើងខ្ញុំនឹងរៀបចំកម្មវិធីហើយគោរពអញ្ជើញអស់លោក សារជាថ្មីទៀត”។

មិនមែនមានតែ សារ៉ាក់ ទេ ដែលបានជូនដំណឹងពីពន្យារពេលរៀបការរបស់ខ្លួននេះ។ នៅលើបណ្តាញសង្គមគេឃើញម្ចាស់កម្មវិធី ឬអាណាព្យាបាលរបស់គេបានចេញមុខលើកពេលការរៀបចំការកូនរបស់ខ្លួន។ អ្នកសូមលើកពេលថែមទំាងបង្ហោះឈ្មោះខ្លួន លិខិតអញ្ជើញដែលបានបញ្ជាក់ពីពេលវេលា ទីកន្លែងរៀបចំកម្មវិធីផង ដើម្បីឲ្យមនុស្សដែលខ្លួនបានអញ្ជើញហើយបានដឹង។ ការអាក់ខានរៀបចំកម្មវិធីនេះ ទំនងជាអាចមានការខាតបង់ថវិកាខ្លះសម្រាប់ម្ចាស់កម្មវិធី ទៅលើការកក់ជាមុន ឬទិញ និងជួល សេវាកម្មនានា ដូចជាម្ហូបអាហារ ទីកន្លែង ជាដើមនោះ។ ដើម្បីសម្រួលដល់ការងារនេះ គេឃើញសាលាក្រុងភ្នំពេញ បានចេញលិខិតអំពាវនាវដល់ម្ចាស់អាជីវកម្ម ចុងភៅ ម្ចាស់អាជីវកម្ម ដែលមានអគារ មជ្ឈមណ្ឌលជួល ភោជនីយដ្ឋាន សូមកុំកាត់លុយ ឬយកលេសទាមទារសំណង់នៃការខាតបង់ពីម្ចាស់កម្មវិធី ដែលបានកក់ប្រាក់ និងជៀសវាងយកឱកាសនេះ ដើម្បីកេងចំណេញពីប្រជាពលរដ្ឋដែលបានស្ម័គ្រចិត្តចូលចូលរួមក្នុងការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងរាជធានីភ្នំពេញ ក៏ដូចជាទូទំាងប្រទេស។

សូមជម្រាបថា បើតាមការអះអាងពីក្រុមគ្រូពេទ្យ នៅពេលមានការជួបជុំមនុស្សច្រើនឱកាសឆ្លងរាលដាលជំងឺកូវីដ-១៩ មានលក្ខណៈងាយស្រួលណាស់ ប្រសិនអ្នកចូលរួមកម្មវិធីនោះ មានផ្ទុករោគនេះ។ ជំងឺកូវីដ-១៩ ចេញពីខ្លួនមនុស្សដែលកើតតាមតំណក់ទឹកតូចៗ ចេញពីមាត់ នៅពេលអ្នកជំងឺ ក្អក កណ្តាស។ បើមនុស្សនៅជិតគ្នា និយាយជាមួយគ្នាក្នុងចម្ងាយតិចជាងមួយម៉ែត្រឱកាសនៃឆ្លងមានខ្ពស់ណាស់។ ហេតុដូច្នេះ ហើយបានជាក្រសួងសុខាភិបាល បានប្រកាសឲ្យផ្អាកកម្មវិធីជួបជុំណាដែលមានមនុស្សច្រើនចូលរួម មានដូចជាការប្រគុំតន្រ្តីជាសាធារណៈ ការជួបជុំបែបសាសនា ឬការចូលទស្សនាសារមន្ទីរ ឬនៅក្នុងរោងភាពយន្តជាដើមនោះ។

ក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី១៨មីនា កន្លងទៅនេះ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានសម្តែងការកោតសរសើរដល់ពលរដ្ឋណាដែលបានស្ម័គ្រចិត្តលើកពេលការរៀបការ ឬពិធីនានា ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺជាសកលមួយនេះ។ លោកស្រីថានេះជាគំរូល្អមូយ។

គិតត្រឹមព្រឹកថ្ងៃទី២០មីនានេះ កម្ពុជាបានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៤៧ករណី ក្នុងចំណោមនោះមាន៤៣ករណី នាំចូលពីប្រទេសក្រៅ។ ការចូលរួមទប់ស្កាត់ការរីករាលដាលជំងឺនេះ តាមរយៈការលើកពេលកម្មវិធីនានានោះ ក៏ត្រូវបានឲ្យតម្លៃពីសាលាក្រុងភ្នំពេញនោះដែរ។ អាជ្ញាធរ បាននិយាយថាសកម្មភាពនេះ ស្របតាមសារាចរណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា និងមានក្តីសង្ឃឹមថា ម្ចាស់អាជីវកម្ម ចុងភៅ អគារជួល ភោជនីយដ្ឋាន ជាដើមនោះចូលរួមអនុវត្តតាមការអំពាវនាវរបស់សាលារាជធានីភ្នំពេញ គឺមិនកាត់ប្រាក់កក់ពីម្ចាស់កម្មវិធី៕ ដោយ៖ សិរី

អត្ថបទដែលជាប់ទាក់ទង