កម្លាំងនគរបាលខណ្ឌមានជ័យ ចុះបង្ក្រាបកន្លែងបើកល្បែងស៊ីសងខុសច្បាប់ ហ្គេមបាញ់ត្រី២ទីតាំង ក្នុងសង្កាត់ចាក់អង្រែលើ

រាជធានីភ្នំពេញ ៖ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចាក់អង្រែលើ និងកម្លាំងសាលាសង្កាត់ចាក់អង្រែលើ បានចុះបង្ក្រាបកន្លែងបើកលេងល្បែងស៊ីសងដោយខុសច្បាប់ (ហ្គេមបាញ់ត្រី) ចំនួន២ទីតាំង ស្ថិតក្នុងសង្កាត់ចាក់អង្រែលើ ធ្វើការចាប់ដកហូតទូហ្គេមចំនួន ០៤គ្រឿង និងកុំព្យូទ័រ ០៦គ្រឿង និងឃាត់ខ្លួនស្ត្រីម្នាក់ដែលជាអ្នកគ្រប់គ្រងទីតាំងបាញ់ត្រី បញ្ជូនទៅស្នាក់ការប៉ុស្តិ៍ចាក់អង្រែលើ ដើម្បីរងចាំចាត់ការបន្តតាមនីតិវិធី ។

ការចុះបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់ខាងលើនេះ ធ្វើឡើងកាលពីវេលាម៉ោង០៣:០០នាទីរសៀល ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ នៅក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ជនសង្ស័យឈ្មោះ ត្រាន់ ស្រីមុំ ភេទស្រី អាយុ២៩ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះជួលគ្មានលេខ ផ្លូវលេខ៣១បេតេ ភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរនៅផ្ទះ ឃាត់ខ្លួនគ្មានផ្ទុកសារធាតុញៀន) ។

បើតាមសម្ដីលោកអនុសេនីយ៍ឯក ភក្ដី ម៉ាណេត ប្រធានក្រុមអន្តរាគមន៍ពិសេស បានប្រាប់ឲ្យដឹងថា អនុវត្តគោលនយោបាយ ភូមិ-សង្កាត់ មានសុវត្ថិភាព និងចូលរួមប្រយុទ្ធប្រឆាំងបញ្ហាគ្រឿងញៀន ក្រោមការដឹកនាំរបស់លោកវរសេនីយ៍ទោ ម៉េង វិមានតារា អធិការខណ្ឌមានជ័យ កាលពីវេលាម៉ោង០៣:០០នាទីរសៀល ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ កម្លាំងអន្តរាគមន៍ពិសេស នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចាក់អង្រែលើ និងកម្លាំងសាលាសង្កាត់ចាក់អង្រែលើ បានចុះបង្ក្រាបកន្លែងបើកលេងល្បែងស៊ីសងដោយខុសច្បាប់ (ហ្គេមបាញ់ត្រី) ចំនួន២ទីតាំង ដោយទីតាំងទី១ ស្ថិតនៅចំណុចផ្ទះលេខ១១៣៥ ផ្លូវជាតិលេខ២ ក្រុម៥ ភូមិព្រែកតានូ២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ត្រាន់ ស្រីមុំ ភេទ ស្រី អាយុ២៤ឆ្នាំ និងចាប់យកវត្ថុតាងដូចជា : ទូហ្គេមបាញ់ត្រី ចំនួន ០២ គ្រឿង, ម៉ូនីទ័រ ចំនួន ០៦គ្រឿង, ស៊ីភីយូ (CPU)ចំនួន ០៦គ្រឿង, ក្តាចុចកុំព្យូទ័រ (Keybord) ចំនួន ០៦ គ្រឿង, ទូរសព្ទដៃម៉ាក អាយហ្វូន៥ មួយគ្រឿង និងខ្សែភ្លើងសម្រាប់តភ្ជាប់កុំព្យូទ័រមួយចំនួន រួចសមត្ថកិច្ចយើងឃាត់ជនសង្ស័យខាងលើយកមកធ្វើការសាកសួរ នៅទីស្នាក់ការប៉ុស្តិ៍នគរបាលចាក់អង្រែលើ តែម្ដង។

ប្រធានក្រុមអន្តរាគមន៍ពិសេស នៃអធិការដ្ឋានខណ្ឌមានជ័យ បានប្រាប់បន្តទៀតថា ទីតាំងទី២. កម្លាំងបានបន្តចុះបង្ក្រាបកន្លែងបើកលេងល្បែងស៊ីសង ដោយខុសច្បាប់ (ហ្គេមបាញ់ត្រី)មួយទីតាំងទៀតកាលពីវេលាម៉ោង១៥:៣០នាទី ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ នៅចំណុចផ្ទះលេខ៥៥៨ ផ្លូវលំច្រកចូលឱរ៉ាល់កាហ្វេ ក្រុម១២ ភូមិព្រែកតាគង់២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានដកហូតវត្ថុតាងរួមមាន : ទូរហ្គេមបាញ់ត្រី ចំនួន ០២គ្រឿង ។ ចំណែកម្ចាស់ទីតាំង(មិនស្គាល់អត្តសញ្ញាណ) បានរត់គេចខ្លួនបាត់។

បច្ចុប្បន្នជនសង្ស័យឈ្មោះ ត្រាន់ ស្រីមុំ ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី ចំពោះវត្ថុតាងដែលដកហូតទាំងអស់ខាងលើ យកមករក្សាទុកបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីចាត់ការបន្តតាមនីតិវិធី ។

បន្ទាប់ពីបង្ក្រាបទីតាំងនេះ ប្រជាពលរដ្ធរស់នៅភូមិព្រែកតានូ២ និងប្រជាពលរដ្ឋរស់នៅក្បែរទីតាំងហ្គេមដុះស្លែរទាំងនេះ បានសម្តែងការសប្បាយរីករាយ នៅពេលដែលសមត្ថកិច្ចខណ្ឌមានជ័យ ចុះបង្ក្រាបទីតាំងលេងល្បែងខុសច្បាប់ ដែលតែងតែបង្ករភាព អនាធិបតេយ្យ អសន្តិសុខក្នុងមូលដ្ឋាន យូរឆ្នាំណាស់មកហើយនោះ ៕

អត្ថបទដែលជាប់ទាក់ទង