ស្ដែងៗណាស់!! ស្រវឹងធ្លាក់ភ្នែក​ បេីករថយន្តទំនេីប​ Audi A8L បុកដាច់ជាពីរ ប្លោងជាច្រេីនម៉ែត្រ

រាជធានីភ្នំពេញ​ ៖ ស្ដែងៗណាស់! អ្នកបេីកបរក្រោម​ឥទ្ធិពល​គ្រឿងស្រវឹង​ បង្កគ្រោះថ្នាក់ចរាចរណ៍ជារេីយៗ​ នៅតែបេីកបរតាមដងផ្លូវបានដដែល ធ្វេីឲ្យប្រជាពលរដ្ឋមានការព្រួយបារម្ភយ៉ាងខ្លាំង ជាក់ស្ដែងបុរសម្នាក់សង្ស័យស្រវឹងស្រា​ បានបេីករថយន្តស៊េរីទំនើបម៉ាក Audi A8L បោះពួយលឿនដូចហោះ ទៅបុកម៉ូតូកង់បីខ្មែរមួយគ្រឿងកំពុងបើកឆ្លងផ្លូវ​ បណ្ដាលឲ្យដាច់ជាពីរ​ និងបណ្តាលឲ្យម្ចាស់ម៉ូតូកង់បីរងរបួសធ្ងន់​ ត្រូវបានរថយន្ត​សង្គ្រោះបន្ទាន់​មកដឹកយកទៅមន្ទីរពេទ្យភ្លាមផងដែរ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ស្ដែងមួយនេះបានកេីតឡេីងកាលពីវេលាម៉ោង០០:០៥នាទីរំលងអាធ្រាត្រ​ ឈានចូលថ្ងៃសុក្រ​ ទី២០ ខែមីនា ឆ្នាំ២០២០ នៅចំណុចមុខឱសថស្ថានម៉ាកូសា តាមបណ្ដោយផ្លូវឧកញ៉ាម៉ុងឫទ្ធី​ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនកើតហេតុគេឃើញបុរសម្នាក់ បើកម៉ូតូកង់បីខ្មែរមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 1M-2535 ធ្វើដំណើរទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុខាងលើបានបត់ឆ្វេងដៃបម្រុងត្រឡប់ក្រោយទើបនឹងបត់បានពាក់កណ្តាលផ្លូវក៏មានរថយន្តមួយគ្រឿងម៉ាកអូរឌី (Audi A8L) ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BD-2211 បើកបរដោយបុរសម្នាក់សង្ស័យស្រវឹងស្រា បានធ្វេីដំណេីរមកពីក្រោយក្នុងល្បឿនលឿនដូចហោះ ជ្រុលទៅបុកចំពាក់កណ្ដាលម៉ូតូកង់បីពេញទំហឹង​ បណ្តាលឲ្យដាច់ចេញជាពីរក្បាលម៉ូតូសណ្តោងរឺម៉កកង់បីប្លោងទៅផ្លូវម្ខាងទៀតជាច្រើនម៉ែត្រ ចំណែកឯម្ចាស់កង់បីរងរបួសធ្ងន់។ បន្ទាប់មកត្រូវបានបងប្អូនប្រជាពលរដ្ឋ​ ទាក់ទងហៅរថយន្តសង្គ្រោះបន្ទាន់​ មកដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ។ ចំណែកអ្នកបើករថយន្តបង្កត្រូវសមត្ថកិច្ចឃាត់ខ្លួន។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានប្រគល់អ្នកបើកបររថយន្តបង្កទៅឲ្យខាងសមត្ថកិច្ចជំនាញចរាចរណ៍ការរាជធានីភ្នំពេញនិងធ្វើការវាស់វែងយកម៉ូតូកង់បីនិងរថយន្តទៅរក្សាទុកដើម្បីធ្វើការដោះស្រាយគ្នាទៅតាមផ្លូវច្បាប់។

សង្កេតឃើញ​ថាអ្នកបេីកបរក្រោម​ឥទ្ធិពល​គ្រឿងស្រវឹង​ បង្កគ្រោះថ្នាក់ចរាចរណ៍ជារេីយៗ​ នៅតែបេីកបរតាមដងផ្លូវបានដដែល ធ្វេីឲ្យប្រជាពលរដ្ឋមានការព្រួយបារម្ភយ៉ាងខ្លាំង ខណៈដែលស្នងការនគរបាលរាជធានីភ្នំពេញ​ ទេីបតែ​ដាក់បទបញ្ជាអោយកម្លាំងអធិការដ្ឋានទាំង១៤ ​នៃរាជធានីភ្នំពេញ​ ធ្វេីការដាក់គោលដៅរឹតបន្តឹងចំពោះការបេីកបរ​ ក្រោមឥទ្ធិពលជាតិស្រវឹង​ ដែលអនុវត្តមិនបានមួយអាទិត្យផង​ ស្រាប់តែ​ឈប់សម្រាកទៅវិញ​ ។ គួរបញ្ជាក់ថា​អត្រាគ្រោះថ្នាក់មានកំណើនខ្ពស់ណាស់​នៅឆ្នាំ២០១៩នេះ គ្រោះថ្នាក់ចរាចរណ៍បានកើតមាន ៤,១២១លើក សម្លាប់មនុស្ស ១,៩៨១នាក់ និងរងរបួស ៦,១៤១នាក់។ ក្នុងចំណោមគ្រោះថ្នាក់ចរាចរណ៍ជាង៤ពាន់ករណីនេះ បណ្តាលមកពីការបើកបរ ក្រោមឥទ្ធិពលជាតិស្រវឹង​ប្រមាណ៥ភាគរយ។

យោងតាមមាត្រា ៧៧ថ្មី នៃច្បាប់ស្តីចរាចរណ៍ផ្លូវគោក បានចែងថា ជនណាបើកបរយានយន្តពេលខ្លួនស្ថិតក្រោមឥទ្ធិពលជាតិស្រវឹង ដោយមានជាតិអាល់កុលចាប់ពី ០.៤០មិល្លីក្រាមក្នុងមួយលីត្រខ្យល់ ឬចាប់ពី ០.៨០ក្រាម ក្នុងមួយលីត្រឈាមឡើងទៅ ត្រូវពិន័យជាប្រាក់ ២០ម៉ឺនរៀល សម្រាប់អ្នកបើកបរម៉ូតូ ម៉ូតូកង់បី ឬម៉ូតូសណ្តោងរ៉ឺម៉ក, ៤០ម៉ឺនរៀល សម្រាប់យានយន្តធុនស្រាល និង ៨០ម៉ឺនរៀល សម្រាប់យានយន្តធុនធ្ងន់។​ ដោយឡែកជនបើកក្រោមឥទ្ធិពលជាតិស្រវឹង ហើយធ្លាប់ទទួលរងការពិន័យម្តងរួចមកហើយ តែនៅតែបន្តប្រព្រឹត្តខុសក្នុងកំលុងពេល៦ខែរាប់ពីការពិន័យលើកមុននោះ នឹងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ខែ ទៅ ៦ខែ និងពិន័យជាប្រាក់ពី ៨០ម៉ឺនរៀល ទៅ ៤លានរៀល៕

អត្ថបទដែលជាប់ទាក់ទង