ឆក់កាបូបគ្រូបង្រៀនម្នាក់តាំងពីក្រុងតាខ្មៅ ជិះរត់ជួបកម្លាំងល្បាតប៉ុស្តិ៍ចាក់អង្រែលើ ចាប់បានម្នាក់ ម្នាក់ទៀតរត់ទៅហែរទឹកទន្លេ តែហត់ពេកហែរលែងរួច ជាប់ខ្នោះដដែល!

រាជធានីភ្នំពេញ ៖ ជនសង្ស័យចំនួន២នាក់ ធ្វើសកម្មភាពឆក់កាបូបពីគ្រូបង្រៀនភាសាចិនម្នាក់ បានសម្រេច តែត្រូវបានជនរងគ្រោះជិះម៉ូតូដេញតាមពីក្រោយ តាំងពីខេត្តកណ្តាល ចូលដល់ភូមិសាស្ត្រខណ្ឌមានជ័យ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ចាក់អង្រែលើកំពុងល្បាត បានឃើញមានប្រជាពលរដ្ឋជួយដេញតាមដែរនោះ ក៏ចេញជួយអន្តរាគមន៍ចាប់ឃាត់ខ្លួនបានម្នាក់ ចំណែកឯម្នាក់ទៀតរត់ទៅលោតចូលទឹកទន្លេ តែហត់ពេកហែរលែងរួច ប្រគល់ខ្លួនអោយសមត្ថកិច្ចចាប់មក សាកសួរដដែល ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៤និង៣០នាទីល្ងាចថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ នៅចំណុចមុខដេប៉ូឈេីគ្រប់ប្រភេទ ចម្ងាយពីគល់ស្ពានថ្មប្រហែល៥០០ម៉ែត្រ ស្ថិតក្នុងភូមិដើមមៀន១ សង្កាត់ដេីមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល។

សមត្ថកិច្ចប៉ុស្តិ៍ចាក់អង្រែលើបានឲ្យដឹងថា ដំបូងឡើយសមត្ថកិច្ចកំពុងល្បាតក្នុងភូមិ លុះដល់ចំណុចកើតហេតុ ក៏ប្រទះឃើញជនសង្ស័យ២នាក់ ជិះម៉ូតូឌុបគ្នាម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1GU-5650 ហើយមានជនរងគ្រោះដេញតាមពីក្រោយ ស្រែកចោរៗ ទើបកម្លាំងសមត្ថកិច្ចធ្វើការស្ទាក់ចាប់បានម្នាក់ និងម្នាក់ទៀត រត់គេចខ្លួនចូលទៅក្នុងសាលាបឋមសិក្សាវត្តចាក់អង្រែលើ ហើយលោតចូលទឹកទន្លេ ហែរបានមួយសន្ទុះហត់ពេក ហែរលែងរួចទើបត្រូវបានសមត្ថកិច្ចចាប់បានមកវិញ នាំមកប៉ុស្តិ៍ដើម្បីធ្វើការសាកសួរ ។

បើតាមសម្ដីនារីរូបស្រស់ដែលជាជនរងគ្រោះមានឈ្មោះ លឹម ម៉ីស៊ាំង អាយុ២១ឆ្នាំ ស្នាក់នៅភូមិដើមមៀន សង្កាត់ដើមមៀន ក្រុងតាខ្មៅ មានមុខរបរជាគ្រូបង្រៀនភាសាចិន បានប្រាប់អោយដឹងថា នៅមុនកើតហេតុ រូបនាងបានជិះម៉ូតូមួយគ្រឿងម៉ាក Honda Scoopy ពណ៌ស ពាក់ស្លាកលេខកណ្ដាល 1S-8664ត្រលប់មកពីទិញឥវ៉ាន់វិញនៅផ្សារតាខ្មៅ បំណងត្រលប់ទៅផ្ទះវិញ ខណៈពេលកំពុងធ្វើដំណើរតាមផ្លូវ២០៦ ទិសដៅពីត្បូងទៅជើង ជិតដល់ផ្ទះទៅហើយ ស្រាប់តែមានជនសង្ស័យ២នាក់ ជិះម៉ូតូឌុបគ្នាម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1GU-5650 មកអែបម៉ូតូរបស់នាង រួចធ្វើសកម្មភាពឆក់កាបូបលុយរបស់នាង ដែលនាងទើបដាក់ទូរស័ព្ទចូលកាបូបដែរនោះបានសម្រេច រួចជិះម៉ូតូរត់គេចពីកន្លែងកើតហេតុ ឆ្ពោះតាមផ្លូវជាតិលេខ២ ភ្លាមៗនោះបានដេញពីក្រោយ រហូតដល់ម្ដុំស្តុបមុខវត្តចាក់អង្រែក្រោម រួចចង្អុលមុខជនសង្ស័យទាំងពីរនាក់នោះ ស្រែកចោរៗប្រាប់គេឯងអោយជួយចាប់ផង ទើបមានបុរសម្នាក់ និងប្រជាពលរដ្ឋពីរបីនាក់ទៀត ជួយជិះដេញតាម ដោយជនសង្ស័យបានបត់ទៅតាមផ្លូវ៦០ម៉ែត្រ រួចបត់ចូលតាមផ្លូវបេតុង ជាប់តារាងបាល់ទាត់ ចេញមកដល់មុខមុខខារ៉ាអូខេ១៦៨ ភូមិព្រែតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ក៏ជួបនឹងសមត្ថកិច្ចប៉ុស្តិ៍ចាក់អង្រែលើ កំពុងល្បាតទើបចាប់ខ្លួនបានតែម្តង ។

ជនសង្ស័យទាំង២នាក់នេះ ទី១ឈ្មោះ និង សុខា ហៅអាខ្លី ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ និងទី២ឈ្មោះ ណុល ចិត្រា ហៅឆែប ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរជាកម្មករដឹកជញ្ជូន ស្នាក់នៅភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ ។

វត្ថុតាងដកហូតបានរួមមាន ម៉ូតូមួយគ្រឿងម៉ាក ហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1GU-5650 ទូរសព្ទដៃ២គ្រឿង , និងកាបូបរបស់ជនរងគ្រោះ ត្រូវបាននគរបាលប៉ុស្តិ៍ចាក់អង្រែលើ បញ្ជូនទៅកាន់ អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីចាត់ការបន្តតាមច្បាប់៕

អត្ថបទដែលជាប់ទាក់ទង