លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បានរៀបចំផ្សព្វផ្សាយតាមមេក្រូ គ្រប់ច្រកល្ហកទូទាំងស្រុកបន្ទាយស្រី ឱ្យពលរដ្ឋយល់ដឹងពី Covid-19

តាមទំព័រហ្វេសប៊ុក របស់លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បានបើកកិច្ចប្រជុំពិសេសជាមួយមណ្ឌលសុខភាពទាំងអស់នៅក្នុងស្រុកបន្ទាយស្រី ដើម្បីរៀបចំយុទ្ធនាការអប់រំផ្សព្វផ្សាយតាមប្រព័ន្ធឧគ្ឃោសនស័ព្ទចល័ត(មេក្រូ) ស្តីពីការយល់ដឹងបឋមពីមេរោគ Covid-19 ពីរបៀបឆ្លង និងវិធីសាស្ត្រក្នុងការបង្ការការពារខ្លួន ជូនដល់ពុកម៉ែបងប្អូន លោកតាលោកយាយទាំងអស់ នៅគ្រប់ច្រកល្ហក និងតាមភូមិឃុំនានានៅក្នុងស្រុកបន្ទាយស្រី ។យុទ្ធនាការនេះនឹងចាប់ផ្តើមដំណើរការក្នុងសប្តាហ៍នេះ ដោយមានការចូលរួមពីអង្គការស្ម័គ្រចិត្តមួយចំនួនផងដែរ។ ក្នុងនោះរដ្ឋបាលស្រុកនឹងចុះទៅតាមឃុំនីមួយៗ បើកវគ្គបណ្តុះបណ្តាលដល់ជនបង្គោលតាមភូមិ ដើម្បីមានសមត្ថភាពផ្តល់ពត៌មានពីជំងឺCovid-19 ដែលនឹងមានការតម្រូវអោយចូលរួមពីមេភូមិ អនុភូមិ សមាជិកភូមិ និងអ្នកស្ម័គ្រចិត្តមួយចំនួនផងដែរ។ការប្រើប្រាស់ប្រព័ន្ធឧគ្ឃោសនស័ព្ទចល័ត និងការចុះទៅបើកវគ្គបណ្តុះបណ្តាលតូចៗដោយផ្ទាល់នៅតាមឃុំ គឺដើម្បីកាត់បន្ថយហានីភ័យនៃការឆ្លងជំងឺ ដោយជៀសវាងបាននូវការប្រមូលផ្តុំដែលមិនចាំបាច់ណាមួយ។យុទ្ធនាការនេះគឺជាផ្នែកចុងក្រោយនៃកម្មវិធីប្រុងប្រៀបការទប់ស្កាត់ការរីរាលដាលនៃជំងឺ Covid-19 របស់ស្រុក តាមរយៈការបញ្ជ្រាបការយល់ដឹងឱ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋគ្រប់ៗគ្នា បន្ទាប់ពីបានផ្សព្វផ្សាយនៅក្នុងចំណោមអាជ្ញាធរមានសមត្ថកិច្ច និងគ្រូបង្រៀនជិត ៤០០នាក់មកពីគ្រប់សាលារៀនទាំងអស់រួចមក ៕

អត្ថបទដែលជាប់ទាក់ទង