បុរសម្នាក់ចូលហាងម៉ាស្សាកោសជប់ ស្រាប់តែឃើញអង្គុយស្លាប់ផ្អែកលើសាឡុងផ្តៅ

ភ្នំពេញ ៖ បុរសម្នាក់ ត្រូវបានគេប្រទះឃើញអង្គុយស្លាប់លើសាឡុងផ្តៅនៅកន្លែងហាងម៉ាស្សាកោសជប់ រកស៊ីផ្លូវភេទមួយកន្លែង បង្កឲ្យមានការភ្ញាក់ផ្អើលនៅថ្ងៃទី១៦ ខែមីនាឆ្នាំ២០២០ ផ្ទះលេខ២១ ក្រុម១៤ ផ្លូវលេខ៨០ ខាងមុខកំពង់ផែភ្នំពេញ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។

ជនរងគ្រោះ មានអាយុប្រហែលជាង៤០ឆ្នាំ តែមិនត្រូវបានស្គាល់អត្តសញ្ញាណទេ។

ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសរងគ្រោះ បានដើរមកចូលហាងម៉ាស្សាកោសជប់ រកស៊ីផ្លូវភេទខាងលើ តែគេពុំដឹងថា បុរសរូបនោះបានកោសជប់ហើយឬនៅនោះទេ ស្រាប់តែបន្តិចក្រោយមក ក៏មានស្ត្រីម្នាក់នៅក្នុងហាងនោះបានឆោឡោប្រាប់គេឯងថា បុរសម្នាក់នោះស្លាប់ហើយ។

បន្ទាប់មក ក៏មានការភ្ញាក់ផ្អើលចោមរោមមើល ក៏ឃើញបុរសរូបនោះបានអង្គុយស្លាប់ផ្អែកលើសាឡុងផ្តៅ ដោយមានកាហ្វេទឹកកកមួយកែវនៅជាប់នឹងដៃផង ដោយមិនដឹងពីមូលហេតុអ្វីច្បាស់លាស់នោះទេ។ តែសង្ស័យគាំងបេះដូង។
សមត្ថកិច្ចជំនាញ កំពុងស្រាវជ្រាវរកអត្តសញ្ញាណជនរងគ្រោះ និងក្រុមគ្រួសារ ឲ្យមកទទួលយកសាកសពទៅធ្វើបុណ្យតាមប្រពៃណី ៕

អត្ថបទដែលជាប់ទាក់ទង