សម្តេចតេជោ ហ៊ុន សែន “គ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរ និងប្រជាពលរដ្ឋ សូមបញ្ឈប់ការធ្វើដំណើរទៅប្រទេសអឺរ៉ុប អាមេរិក និងអ៊ីរ៉ង់”

ភ្នំពេញ៖ សម្តេចនាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា សម្តេចតេជោ ហ៊ុនសែន បានចេញសារាចរប្រកាស្តីពីវិធានការបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជម្ងឺកូវីដ១៩ បានប្រាប់គ្រប់ក្រសួងស្ថាប័ន និងប្រជាពលរដ្ឋខ្មែរយើងទាំងអស់ សូមបញ្ឈប់ការធ្វើដំណើរចេញទៅក្រៅប្រទេសមានដូចជា ប្រទេសអាមេរិច អ៊ឺរ៉ុប និងអ៊ីរ៉ង់ជាដើម ដែលនាំឲ្យប៉ះពាល់ដល់សុខភាព។

សូមបញ្ជាក់ផងដែរថាមុននេះបន្តិច បើយោងតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលបានឲ្យដឹងថា គេរកឃើញករណីកូវីដ១៩ ៤នាក់ទៀតហើយ នៅយប់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០។ ក្នុងនោះគេរកឃើញជនជាតិខ្មែរឥស្លាម២នាក់ នៅខេត្តព្រះវិហារ , បុរសជនជាតិខ្មែរម្នាក់ មកពីប្រទេសបារាំង និង ជាកូនរបស់ជនជាតិបារាំង អាយុ៣៥ឆ្នាំ មានវិជ្ជមានវីរុសកូវីដ១៩។

ក្នុងសារាចរណែនាំនោះ ក៏មានវិធីទប់ស្កាត់ការរីករាលដាល ដែលរាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការមានដូចខាងក្រោម៖

១. ណែនាំដល់ប្រជាពលរដ្ឋទាំងអស់ សូមកុំធ្វើដំណើរទៅកាន់បណ្ដាប្រទេសនៅអឺរ៉ុប សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ប្រសិនបើមិនមានការចាំបាច់បំផុតដែលខានពុំបាន។

២. គ្រប់ក្រសួងស្ថាប័នរដ្ឋទាំងអស់ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ មិនត្រូវអនុញ្ញាតឲ្យមន្ត្រីរាជការ បុគ្គលិកគ្រប់លំដាប់ថ្នាក់ ធ្វើដំណើរចូលរួមកិច្ចប្រជុំគ្រប់ប្រភេទ ទៅកាន់បណ្ដាប្រទេសនៅអឺរ៉ុប សហរដ្ឋអាមេរិក និងអ៊ឺរ៉ង់ឡើយ។

៣. ក្នុងករណីចាំបាច់ខានមិនបាន ដែលតម្រូវឲ្យមានតំណាងរបស់កម្ពុជាចូលរួមប្រជុំនៅបណ្ដាប្រទេសដូចបញ្ជាក់ខាងលើ ក្រសួង ស្ថាប័នពាក់ព័ន្ធនីមួយត្រូវធ្វើសំណើរទៅកាន់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដើម្បីចាត់ដំណាងស្ថានទូតប្រចាំនៅប្រទេសម្ចាស់ផ្ទះនៃការប្រជុំឲ្យចូលរួមជំនួស។

៤. ចំពោះមន្ត្រីរាជការ និងប្រជាពលរដ្ឋទាំងឡាយណាដែលទើបវិលត្រឡប់មកពីបណ្ដាប្រទេសនៅអឺរ៉ុប សហរដ្ឋអាមេរិក និងអ៊ឺរ៉ង់ ត្រូវដាក់ខ្លួនឲ្យនៅដាច់ដោយឡែកនៅក្នុងរយៈពេល ១៤ថ្ងៃ គិតចាប់ពីថ្ងៃដែលបានត្រឡប់មកព្រះរាជាណាចក្រកម្ពុជាវិញ ស្របតាមនីតិវិធីកំណត់ដោយក្រសួងសុខាភិបាល។

អត្ថបទដែលជាប់ទាក់ទង