ពិតជារន្ធត់ណាស់ បុរសម្នាក់បានស្លាប់យ៉ាងរន្ធត់ បន្ទាប់ពីបើកម៉ូតូវ៉ាជែងរថយន្តធំក្នុងស្ថានភាពគ្រោះថ្នាក់ ជ្រុលចង្កូតបុកម៉ូតូ១គ្រឿងបើកក្នុងទិសដៅផ្ទុយគ្នាបណ្តាលឲ្យដួលត្រូវរថយន្តកិន

ខេត្តបន្ទាយមានជ័យ៖ ពិតជារន្ធត់ណាស់ បុរសម្នាក់បានស្លាប់យ៉ាងរន្ធត់ បន្ទាប់ពីបើកម៉ូតូវ៉ាជែងរថយន្តធំក្នុងស្ថានភាពគ្រោះថ្នាក់ ជ្រុលចង្កូតបុកម៉ូតូ១គ្រឿងបើកក្នុងទិសដៅផ្ទុយគ្នាបណ្តាលឲ្យដួលត្រូវរថយន្តកិនចំក្បាលបែកធ្លាយខួរស្លាប់ក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័ម ។

ហេតុការណ៍ដ៏រន្ធត់នេះ បានកើតឡើងនៅវេលាម៉ោង៩និង១០នាទីយប់ ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវជាតិលេខ៥៦អា ត្រង់ចំណុចមុខហាងហ្គ្រេនម៉ាត ស្ថិតនៅភូមិភ្នំកន្ទួត សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ ។

ជនរងគ្រោះដែលស្លាប់ មិនទាន់ត្រូវបានគេស្គាល់ឈ្មោះ និងអាស័យដ្ឋាននោះទេ ។

បើតាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតមានគ្រោះថ្នាក់ ជនរងគ្រោះដែលស្លាប់បានបើកបរម៉ូតូម៉ាកហុងដាសេរីចាស់ បើកក្នុងទិសដៅ ពីត្បូងទៅជើងយ៉ាងលឿន ពេលមកដល់ចំណុចកើតហេតុត្រង់ចំណុចមុខហាង ហ្គ្រេនម៉ាតស្ថិតនៅភូមិភ្នំកន្ទួត សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ បានវ៉ាជែងរថយន្តធំផ្ទុកទំនិញធុនធ្ងន់ ម៉ាកហ៊ីយ៉ាន់ដាយ ហើយបានជ្រុលចង្កូតទៅបុកម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីម បើកបរក្នុងទិសដៅផ្ទុយគ្នា ពីជើងទៅត្បូង បណ្តាលឲ្យម៉ូតូដួលខ្ទាត់មនុស្សទៅលើទ្រូងថ្នល់ត្រូវរថយន្តកិនចំពីលើក្បាលស្លាប់មួយរំពេច ។ ចំពោះអ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់ ។

លោកវរសេនីយ៍ទោ សួន នីប៉ូ នាយរងការិយាល័យ នគរបាលចរាចរណ៍ផ្លូវគោកបានឲ្យដឹងថា៖ មូលហេតុបង្កឲ្យគ្រោះថ្នាក់នេះ បណ្តាលមកពីអ្នកបើកម៉ូតូម៉ាកហុងដាសេរីចាស់ បើកវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ ។ សពជនរងគ្រោះត្រូវបានកម្លាំងនគរបាលជំនាញចរាចរណ៍ខេត្តយកទៅរក្សាទុកនៅវត្តចមសុទ្ធាវាសហៅវត្តស្វាយចាស់ ស្ថិតក្នុងភូមិ១ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ វត្ថុតាងម៉ូតូខូចខាត២គ្រឿង ខូចធ្ងន់១គ្រឿង ស្រាល១គ្រឿង និងរថយន្តខូចខាតស្រាលយកមករក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ រងចាំធ្វើការដោះស្រាយតាមច្បាប់៕

អត្ថបទដែលជាប់ទាក់ទង