ជនបង្កស្រវឹងហើយបេីករថយន្ត បុកសមត្ថកិច្ចដែលកំពុងបំពេញភារកិច្ច នឹងត្រូវបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់

ជនបង្កដែលបេីកបររថយន្តក្នុងស្ថានភាពស្រវឹងខ្លាំង ឈ្មោះ ឆាយ គឹមហួង នាយរងការិយាល័យ ក្រសួងទេសចរណ៍ ដែលបេីកបុកសមត្ថកិច្ចកំពុងអនុវត្តការងាររឹតបន្តឹងច្បាប់ចរាចរណ៍ នៅតាមបណ្តោយមហាវិថីព្រះមុនីវង្ស មុខវត្តកោះ ក្នុងខណ្ឌដូនពេញ នឹងត្រូវបញ្ជូនទៅតុលាការដេីម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់ ដោយយោងលេីមាត្រា៨៣ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ត្រូវផ្តន្ទាទោសចាប់ពី ៦ខែ ដល់២ឆ្នាំ និងពិន័យជាប្រាក់ចាប់ពី ២លាន ដល់ ១០លានរៀល។

សូមរំលឹកថា នៅយប់ថ្ងៃពុធ ទី១១ ខែមីនា ឆ្នាំ២០២០ នៅពេលដែលក្រុមការងារត្រួតពិនិត្យរឹតបន្តឹងចរាចរណ៍ផ្លូវគោក នៅក្នុងទឹកដីខណ្ឌដូនពេញ តាមបណ្តោយមហាវិថីព្រះមុនីវង្ស មុខវត្តកោះ ដឹកនាំប្រជុំជួរដោយលោកស្រីឧត្តមសេនីយ៍ទោ សុឹម ផាណុំ លោកឧត្តមសេនីយ៍ត្រី សរ សំណាង ស្នងការរង ក៏មានរថយន្តម៉ាក Highlander មួយគ្រឿង ស្លាកលេខ ភ្នំពេញ 2BD-9867 បានបេីកបរក្នុងស្ថានភាពស្រវឹងខ្លាំងដោយឈ្មោះ ឆាយ គឹមហួង បានបេីកបុកសមត្ថកិច្ចកំពុងតែអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ដែលបណ្តាលអោយរងរបួសធ្ងន់១នាក់ និងរបួសស្រាល៣នាក់ នៅលេីមហាវិថីព្រះមុនីវង្ស មុខវត្តកោះ ខណ្ឌដូនពេញ៕

ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

អត្ថបទដែលជាប់ទាក់ទង