បុរសម្នាក់ ដែលផ្សព្វផ្សាយព័ត៌មានមិនពិត ពាក់ព័ន្ធនឹងការរាលដាល នៃជំងឺរលាកសួត ដែលបង្កឡើងដោយមេរោគ Covid-19 ពេលនេះត្រូវសាលាដំបូងខេត្តសៀមរាប បានចេញដីកាបង្គាប់ឲ្យឃុំខ្លួនហើយ……

ភ្នំពេញ៖ បុរសម្នាក់ ដែលផ្សព្វផ្សាយព័ត៌មានមិនពិត ពាក់ព័ន្ធនឹងការរាលដាល នៃជំងឺរលាកសួត ដែលបង្កឡើងដោយមេរោគ Covid-19 ពេលនេះត្រូវសាលាដំបូងខេត្តសៀមរាប បានចេញដីកាបង្គាប់ឲ្យឃុំខ្លួនហើយ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០នេះ ។

ជនត្រូវចោទមានឈ្មោះ ភុត ថុនា ហៅ ឡន លី ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នករត់កង់បី ទីកន្លែងកំណើតនៅសង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ ហើយទីលំនៅមុនពេលឃាត់ខ្លួន នៅភូមិបឹងដូនប៉ា សង្តាត់ស្លក្រាម ក្រុងសៀមរាប ហើយត្រូវបានបញ្ជូនទៅពន្ធនាគារខេត្តសៀមរាប ដោយអនុវត្តន៍ត្រឹមត្រូវតាមនីតិវិធី។

បុរសរូបនេះ ត្រូវបានចោទប្រកាន់ពីបទ «ក្លែងព័ត៌មាន» ប្រព្រឹត្តនៅលើបណ្តាញសង្គម Facebook ស្ថិតនៅក្រុងសៀមរាប កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ ជាបទល្មើសព្រហ្មទណ្ឌ ដែលមានចែងតាមបញ្ញត្តិមាត្រា ៤២៥។

សូមបញ្ជាក់ថា ដោយមានការអនុញ្ញតពីលោកស្នងការនគរបាលខេត្ត និងសម្របសម្រួលពីលោកព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តសៀមរាប កងកម្លាំងនគរបាលផែនការងារសន្តិសុខ បានដឹកនាំកម្លាំងការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា ដោយសហការណ៍អធិការដ្ឋាននគរបាល ក្រុងសៀមរាប ប៉ុស្តិ៍នគរបាលសង្កាត់ស្លរក្រាម ចុះទៅធ្វើការនាំខ្លួនម្ចាស់គណនីហ្វេសប៊ុគ «ឡន លី គ្រួសាររីករាយ» ឈ្មោះ ភុត ថុនា ភេទប្រុសអាយុ៣២ឆ្នាំ ទីលំនៅបច្ចុប្បន្ន ភូមិបឹងដូនប៉ា សង្តាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ពាក់ព័ន្ធនឹងការបង្ហោះព័ត៌មានមិនពិត និងបំពុលសង្គម កាលពីថ្ងៃទី៥ និងថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០កន្លងទៅដែលធ្វើឱ្យប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សង្គមមកសាកសួរ។

លោកបានបញ្ជាក់ថា៖ ក្រោយការសាកសួរសាមីខ្លួនបានសារភាព ចំពោះមុខសមត្ថកិច្ច ហើយត្រូវបានសមត្ថកិច្ច កសាងសំណុំរឿងបញ្ជូនទៅ សាលាដំបូងខេត្តសៀមរាប ដើម្បីអនុវត្តនីតិវិធីបន្តតាមផ្លូវច្បាប់៕

អត្ថបទដែលជាប់ទាក់ទង