សមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវលើការធ្វើអត្តឃាតរបស់នារីម្នាក់ ដែលសង្ស័យពាក់ព័ន្ធនឹងលោកឧកញ៉ាល្បីឈ្មោះម្នាក់ បង្ខំនាងឲ្យយកកូន៧ខែចេញពីក្នុងផ្ទៃ

ភ្នំពេញ៖ ពាក់ព័ន្ធនឹងករណីការធ្វើអត្តឃាត របស់នារីវ័យក្មេងម្នាក់ ដោយលោតទម្លាក់ខ្លួនពីលើអគារខុនដូរWECAN កាលពីវេលាម៉ោង ៤និង១៥នាទី ទៀបភ្លឺ ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ នៅចំណុចខុនដូរ WECAN ផ្ទះលេខ៨៧ ផ្លូវ៩៩ ក្រុម២៣ ភូមិ៧ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ខណៈដែលមុនស្លាប់នាងបានផុសនូវវីដេអូ និងសារឆ្លើយឆ្លងជាច្រើន ដោយនិយាយថា នាងត្រូវបានឧកញ៉ាល្បីឈ្មោះម្នាក់ នៅក្នុងខ្មែរ បង្ខំឲ្យយកកូន៧ខែចេញពីក្នុងផ្ទៃ ក្រោយមានទំនាក់ទំនងលួចលាក់ជាមួយនឹងគ្នា ។

ពាក់ព័ន្ធនឹងរឿងដ៍រសើប និងកំពុងមានការចាប់អារម្មណ៍ពីសំណាក់មហាជននេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានថ្លែងថា ពេលនេះសមត្ថកិច្ចជំនាញកំពុងបន្តនីតិវិធីស្រាវជ្រាវ ខណៈដែលបច្ចុប្បន្នកំពុងរង់ចាំការសាកសួរ និងផ្តល់ព័ត៌មានបន្ថែមពីសំណាក់ក្រុមគ្រួសាររបស់ជនរងគ្រោះ។

ឯកឧត្តមបន្តថា សមត្ថកិច្ចមិនទាន់ទទួលបានព័ត៌មានជាក់លាក់នៅឡើយទេ រង់ចាំការធ្វើបុណ្យជនរងគ្រោះឲ្យចប់សិន ព្រោះពេលនេះគ្រួសាររបស់នាង កំពុងមានទុក្ខ ហើយគ្រួសារជនរងគ្រោះមិនអស់ចិត្ត ចង់បន្តតាមផ្លូវច្បាប់នោះ សមត្ថកិច្ចនឹងជួយបន្តនីតិវិធីយ៉ាងយកចិត្តទុកដាក់ លើករណីខាងលើនេះផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង