រថយន្តដឹកទំនិញព្រលះរថយន្តដឹកអង្ករពីក្រោយខ្ទេចកាប៊ីនគាបជាប់តៃកុងរថយន្តរងរបួសធ្ងន់

ភ្នំពេញ៖រថយន្តដឹកទំនិញ១គ្រឿងបានបើកក្នុងល្បឿនលឿនហើយសង្ស័យអ្នកបើកបរងងុយដេកបានជ្រុលទៅបុកពីក្រោយរថយន្តនីស្សាន់ដឹកអង្ករកំពុងឈប់ស្ងៀមពីក្រោយយ៉ាងពេញទំហឹងលាន់ដូចរន្ទះបណ្ដាលឲ្យក្រពឹតរួញកាប៊ីនគាបជាប់តៃកុងរថយន្តបណ្តាលឲ្យអ្នកបើកបររថយន្តដឹកទំនិញរងរបួសយ៉ាងធ្ងន់ត្រូវបានប្រជាពលរដ្ឋនិងសមត្តកិច្ចនាំគ្នាជួយគាស់យកជនរងគ្រោះចេញពីក្នុងកាប៊ីនរថយន្តយកទៅសង្គ្រោះបន្ទាន់នៅមន្ទីពេទ្យ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥ភ្លឺថ្ងៃទី១១ ខែមិនា ឆ្នាំ២០២០ នៅលើមហាវិថីឈ្នះឈ្នះ ត្រង់ចំណុចជិតផ្លូវដែក ស្ថិតនៅក្នុងភូមិត្រពាំងធ្នង់ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

បើតាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុរថយន្តដឹកអង្ករមួយគ្រឿងម៉ាកនីសាន់ឌឺសែលពណ៍ស ពាក់ស្លាកលេខព្រះសីហនុ 3A 66 33បានបើកបរធ្វើដំណើរនៅលើមហាវិថីឈ្នះ ឈ្នះក្នុងទិសដៅពីជើងទៅត្បូងលុះពេលមកដល់ត្រង់ចំណុចកើតហេតុបានឈប់នៅលើផ្លូវ ហើយតៃកុងបានចុះទៅគោះមើលកង់ដោយសង្ស័យថាកង់រថយន្តខ្លួននោះធ្លាយឬធូរ ។ស្របពេលនោះស្រាប់តែមានរថយន្តដឹកទំនិញធុនធំមួយគ្រឿងពណ៍ក្រហម ពាក់ស្លាកលេខ3D 50 71បើកបរស្របទិសគ្នាក្នុងល្បឿនលឿនបានទៅដល់ល្មម ហើយសង្ស័យអ្នកបើកបរងងុយដេកងោក១ភាំងផង ទើបមើលមិនឃើញក៏បានជ្រុកទៅបុកពីក្រោយរថយន្តដឹកអង្ករពីក្រោយពេញទំហឹងតែម្តងបណ្តាលឲ្យរថយន្តដឹកទំនិញខ្ទេចការប៊ីនរថយន្តព្រំទាំងគាបអ្នកបើកបរជាប់ក្នុងការប៊ីនបណ្តាលឲ្យរងរបួសធ្ងន់ ។

បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានបានចុះទៅកន្លែងកើតហេតុរួចទំនាក់ទំនងទៅកាន់អង្គភាព៧១១ ឲ្យចុះទៅជួយគាស់យកជនរងគ្រោះចេញហើយបញ្ជូនទៅសង្រ្គោះបន្ទាន់ភ្លាមៗនៅមន្ទីពេទ្យ ។ចំណែកវត្ថុតាងរថយន្តទាំង២គ្រឿងត្រូវបានសមត្ថកិច្ចជំនាញផ្នែកចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចុះមកធ្វើការវាស់វែងរួចបានយករថយន្តទាំង២គ្រឿងទៅរក្សាទុករង់ចាំធ្វើការដោះស្រាយគ្នាបន្តទៀតនៅពេលក្រោយ៕

អត្ថបទដែលជាប់ទាក់ទង