រថយន្តពីរគ្រឿង ពន្លះគ្នាលាន់ដូចរន្ទះកណ្ដាលផ្លូវបំបែកជាបួន ម្ខាងរេចង្កូតបុកបាក់បង្គោលស្លាកសញ្ញា ហើយបុកផ្ទប់ជាប់បង្គោលភ្លើង និងស្ត្រីម្នាក់រងរបួស

រាជធានីភ្នំពេញ ៖ រថយន្តពីរគ្រឿងបើកបរខ្វះការប្រុងប្រយ័ត្នបុកគ្នាពេញទំហឹង បណ្តាលឲ្យរងការខូតខាត និងបណ្ដាលឲ្យមនុស្សស្រីម្នាក់រងរបួស ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះកើតឡើងកាលពីវេលាម៉ោង១១:៣០នាទីយប់ ថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០ ស្ថិតនៅផ្លូវបំបែកជាបួន លើផ្លូវ៣១០ កែងផ្លូវ៥៧ សង្កាត់បឹងកេងកង ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

បើតាមប្រភពព័ត៍មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តម៉ាក Lexus RX300 មួយគ្រឿង ពណ៍ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2N-3821 បើកបរមានគ្នាចំនួនពីរនាក់ ក្នុងទិសដៅពីលិចទៅកើត ស្រាប់តែមកដល់ចំណុចផ្លូវបំបែកជាបួន ក៏មានរថយន្តម៉ាក់ Toyota Revo ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AM-9969 ស៊េរីទំនើបមួយគ្រឿងទៀត ធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូងបញ្ច្រាសទិសគ្នា ដោយរថយន្ត Lexus RX300 បើកក្នុងល្បឿនលឿនក៏ជ្រុលទៅបុករថយន្ត Toyota Revo ស៊េរីទំនើបចំពេញទំហឹង រងខូចខាតផ្នែកខាងមុខ រួចក៏ទៅបុកស្លាកសញ្ញាប្រាប់លេខផ្លូវ បាក់អស់មួយដើម បន្តទៅបុកបង្គោលភ្លើងមួយតង់ទៀត បណ្តាលឲ្យរងការខូតខាតយ៉ាងដំណំតែម្តង ដោយឡែកម្ចាស់រថយន្តបង្ក រងរបួសធ្ងន់ម្នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗតែម្តង។

បច្ចុប្បន្នក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានសហការជាមួយ សមត្ថកិច្ចជំនាញ បានចុះមកដល់ហើយធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយទៅតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង