ជិះ​ម៉ូតូលឿនពេក ជ្រុលទៅ​​​បុក​រថយន្ត​ដែលកំពុង​ឈប់​ដាក់​សំរាម​ បណ្ដាល​ឱ្យ​ស្លាប់ ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ

យុវជន​ម្នាក់បានស្លាប់ភ្លាមៗ ដោយសារតែ​ជិះ​ម៉ូតូលឿន ហើយជ្រុលទៅ​​​បុក​រថយន្ត​របស់​ក្រុមហ៊ុន ​ស៊ីន​ទ្រី ដែលកំពុង​ឈប់​ដាក់​សំរាម​លើ​ផ្លូវ​ជាតិ​លេខ ​៥ ​នៅត្រង់​ចំណុច​ផ្លូវបំបែក​ជា​បី ចូល​វិទ្យាល័យ​អូរជ្រៅ ស្ថិត​ក្នុង​ភូមិ​អូរជ្រៅ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ។

ហេតុការណ៍នេះ បានកើតឡើងកាលពី​វេលា​ម៉ោង​ ៥ និង ​៣០ ​នាទី​ទៀបភ្លឺថ្ងៃ​ទី ​១០ ខែ​មីនា ឆ្នាំ​ ២០២០ ។ មុន​ពេល​កើតហេតុ​ គេឃើញ​​​រថយន្ត​ដឹក​សំរាម​មួយ​គ្រឿង ពណ៌​ស្លា​ទុំ ពុំ​មាន​ស្លាក​លេខ ជា​រថយន្ត​របស់ក្រុមហ៊ុន​ស៊ីន​ទ្រី​ បើកបរក្នុងទិសដៅ​ពី​លិច​ទៅ​កើត​ លុះ​មកដល់​កន្លែងកើតហេតុ បាន​ឈប់​ដាក់​សំរាម​ ស្របពេលនោះ​ ក៏មាន​ម៉ូតូ​មួយ​ ១ ​គ្រឿង​ ម៉ាក​ហុងដា​ស្កូ​ពី ពណ៌​ស ពាក់​ស្លាក​លេខ ត្បូងឃ្មុំ 1F-9559 បើក​ពី​កើតមក​លិច ​ក្នុង​ល្បឿន​លឿន​ ​ ក៏​ជ្រុល​ទៅបុក​រថយន្ត​ពីក្រោយ​បណ្តាល​ឱ្យ​ស្លាប់​អ្នកបើក​ម៉ូតូ​នៅ​នឹងកន្លែងកើតហេតុ​តែម្តង​ ។

ជនរងគ្រោះជា​អ្នកបើក​ម៉ូតូ​ ឈ្មោះ ភារម្យ ភេទ​ប្រុស​ អាយុ ២៥ ​ឆ្នាំ មានមុខរបរកម្មករ​ ។ ​បើ​តាម​ការ​អះអាង​របស់​សមត្ថកិច្ច​បាន​ឱ្យ​ដឹងថា ​មូលហេតុដែលនាំឱ្យម៉ូតូ​បុក​រថយន្ត​ស្លាប់​នោះ មក​ពី​អ្នកបើកបរ​ម៉ូតូ​បើកលឿនខ្លាំងពេក ។ ​សមត្ថកិច្ច​បាន​ប្រគល់សព​ទៅឱ្យ​ក្រុម​គ្រួសារ​យក​ទៅ​តម្កល់ទុក​នៅ​វត្ត​ត្រាច ​ដើម្បីរៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី ចំណែកឯ​អ្នក​បើករថយន្ត​បាន​រត់គេច​ខ្លួន​បាត់ ​៕​

អត្ថបទដែលជាប់ទាក់ទង