រដ្ឋាភិបាលកម្ពុជា បានសម្រេចចិត្តកាត់បន្ថយពន្ធលើឧស្សាហកម្មកៅស៊ូ
ដោយសារការរីករាលដាលនៃវីរុស កូវីដ ១៩ ធ្វើឱ្យតម្លៃកៅស៊ូនៅលើពិភពលោកទទួលរងផលប៉ះពាល់យ៉ាងខ្លាំង ទើបរដ្ឋាភិបាលកម្ពុជាសម្រេចចិត្តកាត់បន្ថយពន្ធលើឧស្សាហកម្មកៅស៊ូ ។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានចុះហត្ថលេខានៅលើអនុក្រឹត្យមួយកាលពីថ្ងៃទី ៨ ខែមីនា ដោយនៅក្នុងអនុក្រឹត្យនោះបានបញ្ជាក់ថា ប្រសិនបើតម្លៃនាំចេញកៅស៊ូនៅក្រោម ១ ៤០០ ដុល្លារក្នុង ១ តោននឹងមិនតម្រូវឱ្យបង់ពន្ធនោះទេ ប៉ុន្តែបើតម្លៃនាំចេញចាប់ពី ១ ៤០០ ដុល្លារទៅដល់ ៣៥០០ ដុល្លារក្នុង ១ តោន នឹងត្រូវបង់ពន្ធពី ២៥ ដុល្លារទៅ ២០០ ដុល្លារ ។
បច្ចុប្បន្នតម្លៃកៅស៊ូកំពុងធ្លាក់ចុះក្រោម ១ ៣០០ ដុល្លារក្នុង ១ តោន ពោលគឺធ្លាក់ចុះពី ១៤០០ ដុល្លារ និង ១៥០០ ដុល្លារកាលពីមុន ។ បើតាមរបាយការណ៍របស់ក្រសួងកសិកម្មបានឱ្យដឹងថា ប្រទេសកម្ពុជាបាននាំចេញកៅស៊ូចំនួន ២៨២ ០៧១ តោន កាលពីឆ្នាំមុនគឺមានការកើនឡើង ៣០ ភាគរយ បើធៀបនឹង ២១៧ ៥០១ តោនកាលពីឆ្នាំ ២០១៨ ។ ការនាំចេញកៅស៊ូមានតម្លៃ ៣៧៧ លានដុល្លារកាលពីឆ្នាំមុន កើនឡើង ៣២ ភាគរយធៀបនឹង ២៨៦ លានដុល្លារកាលពីឆ្នាំ ២០១៨ ។
ក្នុងរបាយការណ៍ដដែលក៏បានបង្ហាញថា ផ្ទៃដីកៅស៊ូសរុបមានចំនួន ៤០៦ ១៤២ ហិកតាត្រូវបានដាំដុះកាលពីឆ្នាំមុន ដោយផ្ទៃដីជាង ២៤៧ ១១៣ ហិកតាត្រូវបានប្រមូលផល ៕