​ភាគីពាក់ព័ន្ធជួបប្រជុំគ្នា​លើករណីជួញដូរ ឆ្អឹងតោ​ ដែលចាប់បានជនជាតិវៀតណាម​ពីរនាក់​ជាអ្នក​ដឹកជញ្ជូន​

(ភ្នំពេញ)៖ ក្រុមការងារគម្រោងទប់ស្កាត់ការជួញដូរសត្វព្រៃនៃអង្គការ WCS បានជួបប្រជុំជាមួយតំណាង​មកពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា រដ្ឋបាលព្រៃឈើ តុលាការក្រុងភ្នំពេញ និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ដើម្បីពិភាក្សាអំពីលទ្ធភាពដែលអង្គការ WCS អាចផ្តល់ជំនួយបច្ចេកទេសដល់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ទាក់ទងនឹងករណីសង្ស័យអំពីការជួញដូរឆ្អឹងតោ។ នេះបើតាមការឲ្យដឹងពីអង្គការ WCS នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០នេះ។

កិច្ចប្រជុំនេះបានធ្វើឡើង បន្ទាប់ពីគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយនៃក្រសួងមហា​ផ្ទៃ ក្រសួងពាណិជ្ជកម្ម និងការិយាល័យគយភ្នំពេញ រឹបអូសយកបានឆ្អឹងសត្វព្រៃ កាលពីចុងខែធ្នូកន្លង​ទៅ និងចាប់បានជនជាតិវៀតណាមចំនួនពីររូបជាប់ពាក់ព័ន្ធនឹងការដឹកជញ្ជូនឆ្អឹងតោទាំងនេះ។

អង្គការ WCS បានផ្តល់ព័ត៌សង្ខេបជូនអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ស្តីពីស្ថានភាពនិងវិធីធ្វើពាណិជ្ជកម្មឆ្អឹងតោ និងពីមូលហេតុនាំឱ្យមានការចាប់អារម្មណ៍លើករណីនេះ។ អង្គការ WCS បាន​ស្នើឱ្យមានការសាកសួរប្រមូលព័ត៌មានបន្ថែមដើម្បីគាំទ្រដល់ដំណើរការដោះស្រាយករណីនេះ។

ជាលទ្ធផល ឆ្អឹងមួយចំនួនដែលរឹបអូសបាន ត្រូវបានប្រគល់ជាផ្លូវការទៅឱ្យរដ្ឋបាលព្រៃឈើ ដើម្បីជួយសម្របសម្រួលក្នុងការកំណត់អត្តសញ្ញាណនិងវិភាគស្សែនលើសំណាកឆ្អឹងទាំងនោះ។ អង្គការ WCS នឹង​បន្តតាមដានវឌ្ឍនភាពនៃរឿងក្តីនេះ ហើយនឹងផ្តល់នូវជំនួយបច្ចេកទេសនានាដល់ស្ថាប័នរដ្ឋាភិ​បាលពាក់ព័ន្ធតាមភាពចាំបាច់៕

អត្ថបទដែលជាប់ទាក់ទង