អ្នកបើកឡានដឹកកម្មករ និងកម្មករ១៥០នាក់ ចូលរួមស្វែងយល់ច្បាប់ស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅខេត្តកំពង់ឆ្នាំង

(កំពង់ឆ្នាំង)៖ ដោយមើលឃើញថា ករណីគ្រោះថ្នាក់ចរាចរណ៍នៅតែបន្តកើតមានឡើងលើកម្មករ និយោជិត នៅពេលធ្វើដំណើរដោយមធ្យោបាយផ្សេងៗ ក្នុងនោះការធ្វើដំណើរតាមរថយន្តដឹកកម្មករ និយោជិតក៏ជាផ្នែកមួយ ដែលបង្កគ្រោះថ្នាក់ដល់កម្មករ និយោជិតជាបន្តបន្ទាប់ផងដែរ។

ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាសមាជិកគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងជាប្រធានក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកសម្រាប់គាំពារកម្មករ និយោជិត (ស.ផ.ក) នៃ ប.ស.ស. បានចាត់តាំងក្រុមការងារចុះផ្សព្វផ្សាយអប់រំច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងបិទស្ទីកគ័រចំណាំងផ្លាតកំណត់ល្បឿន ព្រមទាំងបិទស្ទីកគ័ររថយន្តដឹកកម្មករ និយោជិត ជូនអ្នកបើកបរយានយន្តដឹកកម្មករនិយោជិត។

កន្លងមក ប.ស.ស. បានសហការជាមួយអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក នៃក្រសួងសាធារណការ និងដឹកជញ្ជូន យ៉ាងស្អិតរមួត ព្រមទាំងបានបណ្តុះបណ្តាលច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងប្រឡងផ្តល់បណ្ណបើកបរ ជូនដល់បងប្អូនអ្នកបើកបរដឹកកម្មករ និយោជិត នៅតាមបណ្តារោងចក្រ សហគ្រាសនានាចំនួន អ្នកបើកបរ ដែលមានបណ្ណបើកបរមិនស្របតាមប្រភេទយានយន្ត និងអ្នកគ្មានបណ្ណបើកបរ មានការថយចុះគួរជាទីមោទនៈ ដើម្បីលើកកម្ពស់ការយល់ដឹងរបស់បងប្អូនអ្នកបើកបរយានយន្តដឹកកម្មករនិយោជិត និងកាត់បន្ថយទាំងពេលវេលា ថវិការបស់បងប្អូនអ្នកបើកបរក្នុងការធ្វើដំណើរទៅរៀន និងប្រឡងយកបណ្ណបើកបរផងដែរ។

ពិធីផ្សព្វផ្សាយនេះ ធ្វើឡើងដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលទប់ស្កាត់ និងកាត់បន្ថយករណីគ្រោះថ្នាក់ចរាចរណ៍ និងស្វែងយល់បន្ថែមពីច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក សុវត្ថិភាពចរាចរណ៍លើមធ្យោបាយដឹកជញ្ជូន បិទស្ទីកគ័រចំណាំងផ្លាតកំណត់ល្បឿន និងបិទស្ទីកគ័ររថយន្តដឹកកម្មករនិយោជិត ក្នុងគោលបំណងធានាដល់សុវត្ថិភាពក្នុងការធ្វើដំណើររបស់កម្មករ និយោជិត។

សូមបញ្ជាក់ថា ការប្រជុំផ្សព្វផ្សាយខាងលើប្រព្រឹត្តនាព្រឹកថ្ងៃអង្គារ ២រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ នៅរោងចក្រ CAN SPORT SHOES CO.,LTD ស្ថិតនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ព្រមទាំងមានចូលរួមពីតំណាងស្ថាប័ន មន្ទីរ តំណាងរោងចក្រ អង្គភាពពាក់ព័ន្ធនានា និងបងប្អូនអ្នកបើកបររថយន្តដឹកកម្មករនិយោជិត និងកម្មករកម្មការិនី សរុបចំនួន១៥០នាក់៕

អត្ថបទដែលជាប់ទាក់ទង